បាត់មុខពីសិល្បៈមួយរយៈ ស្មានមិនដល់តារាសម្ដែង Cheky ធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះជំងឺកម្រមួយ
មហាជនធ្លាប់បានទស្សនាខ្សែភាពយន្ត «ស្នេហ៍ស្វ័យគុណ ៤» ប្រាកដជាស្គាល់ជាមិនខានតួអង្គ តូនី ដែលសម្តែងដោយ លោក Cheky។ ក្នុងនោះ លោក Cheky មិនត្រឹមតែជាតារាសម្តែងមានប្រជាប្រិយភាពនោះទេ តែលោកក៏ជាអ្នកថតរូបល្បីឈ្មោះមួយរូប និង ជាម្ចាស់ហាង C.nation studio ថែមទៀតផង។ ក្រោយពីបង្ហាញវត្តមានក្នុងខ្សែភាពយន្ត «ស្នេហ៍ស្វ័យគុណ ៤» ហើយនោះ លោក Cheky ក៏ហាក់រយាលលើការសម្តែង និង ផ្តោតលើអាជីពថតរូបរបស់លោកផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ លោក Cheky មានការភ្ញាក់ផ្អើល និង បារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់លោក ក្រោយពីលោកបានបង្ហោះរៀបរាប់ពីស្ថានភាពសុខភាពរបស់លោកកំពុងសម្រាកព្យាបាលជំងឺគ្រុនសន្លាក់រាំរ៉ៃ។
តាមរយៈសារដ៏វែង រៀបរាប់ពីស្ថានភាពជំងឺ និង មានពាក្យផ្តាំផ្ញើខ្លះផងនោះ លោក Cheky បានរៀបរាប់ថា៖ «នេះមិនមែនជាការបង្ហោះដើម្បីទាមទារចំណាប់អារម្មណ៍ ឬ ក្នុងគោលបំណងមិនសមរម្យណាមួយទេ។ ខ្ញុំសង្ឃឹមថា វាជាការដាស់តឿន ដល់មិត្តៗទាំងអស់គ្នា បងប្អូនទាំងអស់ ថាគ្រោះវាពិតជានៅនឹងមុខ។ ពាក្យថាជំងឺ សម្រាប់អ្នក មិនថាពិភពលោកពណ៌ផ្កាឈូក ឬស្រស់បំព្រងប៉ុណ្ណា វានៅតែមកបៀតបៀនយើងឱ្យទាល់តែបាន។ វាអាចជាជំងឺ ដែលអ្នកខ្លះបានឮ ឬក៏មិនធ្លាប់ឮក៏ថាបាន ព្រោះវេជ្ជបណ្ឌិតបានបញ្ចាក់ថាជាជំងឺកម្រ ដែលហៅថា ” គ្រុនសន្លាក់រាំរ៉ៃ រឺ Acute rheumatic fever” ដែលជំងឺនេះ ប៉ះពាល់ខ្លាំងទៅខួរក្បាល អាចធ្វើឱ្យបាត់សតិ បេះដូងធ្វើឱ្យរីក ហើយចូលទឹក និង ឈឺសន្លាក់ អាចឈានដល់ពិការដែលជំងឺនេះបង្កមកពីការមិនមើលថែឱ្យដិតដល់ពេល ឈឺបំពង់ក និង ក្តៅខ្លួន បណ្តាលឱ្យវាបង្កើតជាមេរោគវាយប្រហារ ៣ ចំណុចធំនេះ។ រយៈពេល 10ថ្ងៃ ខ្ញុំហ៊ាននិយាយថាខ្ញុំខ្លាច និង ឃើញនរក។ ដូចពាក្យចាស់ថា ដង្ហើមចង្រិតទើបដឹងខ្លួន គ្មានមិត្ត គ្មានញាតិ គ្រូបាអាចារ្យណាមកដាស់ឱ្យដឹងខ្លួន ក្រៅពីខ្លួនឯងទេ។ ១០ ថ្ងៃជាងហើយ ដែលខ្ញុំត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងស្ថានភាពក្តៅខ្លួន ២ ថ្ងៃ ២-៣ ដង ក្នុងកំដៅ ៣៩-៤០។ ដោយឡែក សាច់ដុំសន្លាក់មិនអាចដំណើរការដូចប្រក្រតី មានសភាពហើម ឈឺ ដើរមិនបាន និង ពេលក្តៅខ្លួនបាត់បង់សតិ ទាញដៃទាញជើង។ នៅមិនទាន់ដឹងថាលទ្ធផល ប្រែជាយ៉ាងណាទេ ព្រោះជំងឺនេះនឹងប្រើរយៈពេល ១-៥ អាទិត្យ ដើម្បីព្យាបាលអោយធូស្បើយ។ សរុបមកវិញ បើអ្នកស្រលាញ់ខ្លួន គ្រួសារ ពេលវេលា ជាមនុស្សមានទំនួលខុសត្រូវ សូមថែរក្សាខ្លួនឯងគ្រប់ពេលវេលា មិនថាចំពោះជំងឺមួយនេះ ឬជំងឺផ្សេងទេ យើងមើលមិនឃើញឡើយ។ ខ្ញុំស្តាយក្រោយ ដែលធ្វេសប្រហែស គ្មាននរណាម្នាក់ចង់ចំណាយពេលសម្រាកលើគ្រែមួយកន្លែងឥតប្រយោជន៍ និង ចំណាយថវិកាព្រោះជំងឺទេ។ ស្រលាញ់សុខភាពខ្លួនឯង! សំណាងល្អទាំងអស់គ្នា»។
ក្រោយពីឃើញសារខាងលើហើយ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិជូនពរដល់លោក Cheky ឱ្យឆាប់ជាសះស្បើយ និង ឆាប់ចេញពីមន្ទីរពេទ្យឆាប់ៗផងដែរ៕