(វីដេអូ) ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសង្វៀនប្រដាល់មួយរបស់ប្រទេសថៃ មានរំលេចរូបយ័ន្តអក្សរខ្មែរច្បាស់ៗនៅលើ LED សង្វៀន
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង TikTok ក្នុងប្រទេសកម្ពុជា បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញមានការបង្ហោះចែករំលែកនូវរូបយ័ន្តមានតួអក្សរខ្មែរលេចវត្តមាននៅក្នុងកម្មវិធីប្រដាល់មួយរបស់ប្រទេសថៃ។
ពិតណាស់ កម្មវិធីសង្វៀនប្រដាល់នោះត្រូវបានគេដឹងថាមានឈ្មោះ RWS presents RAJADAMNERN 80 ដែលបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នៅកីឡដ្ឋាន Rajadamnern Boxing Stadium ប្រទេសថៃ។ សង្វៀនប្រដាល់នោះត្រូវបានគេចាត់ទុកជាសង្វៀនដ៏ធំប្រចាំឆ្នាំ ក្នុងឱកាសឈានចូលឆ្នាំទី ៨០ នៃសង្វៀនប្រដាល់រាជដំណាក់ ដោយមានការប្រមូលផ្តុំអ្នកប្រដាល់ជួរមុខជាច្រើនរូបមកពីមជ្ឈដ្ឋានក្នុងប្រទេសថៃ និង អន្តរជាតិ ប្រកួតគ្នានៅកីឡដ្ឋាន Rajadamnern Boxing Stadium។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺនៅពីលើសង្វៀនប្រដាល់នោះ គេឃើញមានរូបយ័ន្តក្បាល ៨ ផុសលេចចេញលើផ្ទាំង LED ដ៏ធំ និង កាន់តែភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺរូបយ័ន្តពោរពេញដោយតួអក្សរខ្មែរបុរាណច្បាស់ៗ ដែលអាចសម្គាល់បានថាជាយ័ន្តខ្មែរ។
បើងាកទៅកាន់ទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានចែករំលែកពីសង្វៀនប្រដាល់នោះដែរកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយថែមទាំងបានភ្ជាប់ជាមួយសារខ្លីថា ៖ «រាប់រយឆ្នាំមកហើយ អក្សរខ្មែរនៅតែមានឥទ្ធិពលក្នុងសង្គមជាតិថៃ»។ ស្របគ្នានោះ ទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានបញ្ជាក់ពីរូបភាពថាជាខួប ៨០ ឆ្នាំ សង្វៀនប្រដាល់លុម្ពិនីដ៏ល្បីល្បាញ នៅប្រទេសថៃថែមទៀតផង៕