សមមួយតួខ្លួន! ឧកញ៉ា ខេមរៈ សិរីមន្ត ត្រេកអរខ្លាំង ដែលទទួលបានកិត្តិយសសម្ដែងជាតួព្រះបាទជ័យវរ្ម័នទី ៧
ក្នុងព្រឹត្តិកាណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលបានរៀបចំឡើងជាលើកទី ២ លើទឹកប្រាសាទអង្គរវត្ត នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការសរសើរដោយក្ដីរំភើបជាមួយទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យ ដែលបានសម្ដែងលើប្រាង្គប្រាសាទអង្គរ ព្រមទាំងពិធីដង្ហែរក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ។
ក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនេះ ឃើញមានការចូលរួមសម្ដែងទស្សនីយភាពដោយ សិល្បករ-ការិនីជាច្រើនរូប ដែលក្នុងនោះ ក៏បានឃើញកំពូលតារាចម្រៀងលោកឧកញ៉ា ខេមៈ សិរីមន្ត បានសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័នទី ៧ និង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សម្ដែងជាតួអង្គព្រះនាងឥន្ទ្រទេវី នៃពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរនេះ។
ក្រោយពីទទួលបានឱកាសសម្ដែងជាតួអង្គព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនេះ លោកឧកញ៉ា ខេមៈ សិរីមន្ត ក៏បានបង្ហោះទម្លាយអារម្មណ៍របស់ខ្លួនជាបន្តបន្ទាប់លើហ្វេសប៊ុកបង្ហាញពីក្ដីរំភើប និង មានកិត្តិយសខ្លាំង ដោយបានចូលរួមជាចំណែកមួយជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក។
សារនោះ លោកឧកញ៉ា ខេមរៈ សិរីមន្ត ៖ «រំភើបស្ទើរហោះ ព្រឺសម្បុរខ្លាំងណាស់ ជាមហាកិត្តិយសសម្រាប់ខ្ញុំដែលត្រូវបានក្រសួងវប្បធម៌ជ្រើសរើសសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី ៧ និង បានរួមសម្ដែងជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលលោកបានសម្ដែងជាតួអង្គព្រះនាងឥន្ទ្រទេវី ដែលលោកជំទាវពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះ។ ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំឭកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ»៕