ទូកទៅកំពង់នៅ! នេះហើយជាស្នាដៃដឹកនាំ ៣ រឿងរបស់លោក កៅ សីហា ថតចប់តែមិនទាន់បញ្ចាំង
មកទល់ពេលនេះ ក្រុមគ្រួសារ សាច់ញាតិបងប្អូន និង សិល្បករ សិល្បការិនីជាច្រើន នៅតែមិនអស់អាល័យចំពោះការចែកឋានយ៉ាងឆាប់រហ័សរបស់លោក កៅ សីហា អ្នកដឹកនាំរឿងដ៏ល្បីមួយរូប ដែលបានបាត់បង់ជីវិតដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤។
ការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈនេះ បានធ្វើឱ្យមហាជនជាច្រើនចូលរួមសោកស្ដាយ ដោយលោក កៅ សីហា ជាអ្នកនិពន្ធ និង ដឹកនាំរឿងប្រភេទខ្នាតតូច-ធំ ដ៏មានស្នាដៃមួយរូប ហើយខ្សែភាពយន្តជាច្រើនដែលលោកបានដឹកនាំសម្ដែង បានទទួលជោគជ័យ និង ការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។
យ៉ាងណាមិញ មុនពេលលោកចែកឋាន អតីតអ្នកដឹកនាំរឿងដ៏ល្បីរូបនេះ ក៏បានបន្សល់ស្នាដៃដឹកនាំរឿងភាគ និង រឿងប្រភេទកុនមួយចំនួន ដែលនៅមិនទាន់បានចាក់បញ្ចាំងនៅឡើយ។ តាមលោក កៅ សីហា ធ្លាប់មានប្រសាសន៍កាលនៅមានជីវិតបានឱ្យដឹងថា រឿងដែលលោកបានផលិតរួចរាល់ តែនៅមិនទាន់ចាក់បញ្ចាំងនោះ គឺមានរឿង «កញ្ញាម្ទេសខ្មាំង» រឿង «បងធម៌» ជាប្រភេទរឿងបែបប្រុសស្រឡាញ់ប្រុស និង រឿង «ប្អូនធម៌» ជាប្រភេទរឿងបែបស្រីស្រឡាញ់ស្រី។
កាលនៅមានជីវិត លោក កៅ សីហា ធ្លាប់បានលើកឡើងថា លោកចាប់ផ្ដើមផលិតរឿងស្រឡាញ់ភេទដូចគ្នានេះតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ តែកាលនោះមានរឿងចម្រូងចម្រាស់មួយចំនួនទើបធ្វើឱ្យរឿងត្រូវផ្អាកការផ្សាយសិន ប៉ុន្ដែមកដល់ឆ្នាំ ២០២៤ ហើយ លោកយល់ថាមហាជនបានបើកចិត្តទូលាយទទួលយកសង្គម និង បរិបថបែបនេះច្រើនជាងមុន៕