ពេលដែលនិយាយដល់មធ្យោបាយធ្វើដំណើរក្នុងក្រុង ពិតណាស់មហាជនតែងតែគិតស្រមៃដល់ផ្លូវកកស្ទះ ឡានបន្តកន្ទុយគ្នាណែនតាន់តាប់ ឯភ្លើងស្តុបវិញមានគ្រប់ជ្រុង។ យ៉ាងណាមិញ ប្រទេសតូចមួយនៅអឺរ៉ុបគឺផ្ទុយស្រឡះពីអ្វីដែលស្រមៃខាងលើនេះ ព្រោះថាប្រទេសនេះមិនមានភ្លើងស្តុបឡើយ ហើយឡានក៏មានច្រើនដែរប៉ុន្តែការបើកបរមានភាពរលូនខ្លាំងមិនដែលមានការកកស្ទះសូម្បីម្ដង។
San Marino ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសតូចជាងគេបំផុតលើពិភពលោកដោយប្រទេសនេះព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលី។ ប្រទេសនេះដែរមានផ្ទៃដីត្រឹមប្រមាណ ៦១.២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ និង មានប្រជាជនរស់នៅសរុបចំនួនត្រឹមជាង ២ ម៉ឺននាក់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ចំនួនរថយន្តដែលមានក្នុងប្រទេសតូចមួយនេះគឺមានលើសប្រជាជនទៅទៀត មានរហូតដល់ប្រមាណ ៥៥០០០ ដោយនេះមានន័យថាប្រជាជនម្នាក់អាចមានរថយន្តផ្ទាល់ខ្លួនដល់ទៅ៣។
San Marino ជាប្រទេសមួយដែលល្បីល្បាញទៅលើប្រព័ន្ធចរាចរណ៍ដែលមិនចេះកកស្ទះ និង មានរបៀបរៀបរយបំផុត ហើយអ្វីដែលពិសេសបំផុតនោះគឺប្រទេសនេះមិនមានការប្រើប្រាស់ភ្លើងស្តុបដូចទៅនឹងបណ្ដាប្រទេសដទៃៗទៀតឡើយ។ ហេតុអ្វីបានជាចរាចរណ៍ក្នុងប្រទេសនេះរលូនល្អទាំងមិនមានភ្លើងស្តុបបែបនេះ?
មូលហេតុចម្បងដែលធ្វើឱ្យប្រទេស San Marino មានចរាចរណ៍ល្អមិនមានការកកស្ទះ គឺដោយសារតែការធ្វើផ្លូវដ៏ប្លែកខុសពីគេ។ ជាក់ស្តែង ជាជាងធ្វើផ្លូវយកគំរូតាមផ្លូវក្រុងចង្អៀតដូចប្រទេសដទៃ ប្រទេសនេះបានធ្វើផ្លូវរង្វង់មូលនៅខាងក្រៅក្រុង អមទៅដោយផ្លូវតូចៗ។ ភាគច្រើននៃផ្លូវតូចទាំងនោះគឺជាផ្លូវឯកទិសដែលជួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ និង បំបាត់ការប៉ះទង្គិចគ្នានៅត្រង់ចំណុចប្រសព្វ។
បន្ថែមពីនេះ ភាពយល់ដឹងរបស់ពលរដ្ឋក្នុងប្រទេស San Marino គឺដើរតួយ៉ាងសំខាន់បំផុតផងដែរ។ ពលរដ្ឋនៅទីនោះតែងតែអនុគ្រោះឱ្យផ្លូវគ្នា គោរពច្បាប់ចរាចរណ៍ និង គិតពីសុវត្ថិភាពជាធំ។ ភាពយល់ដឹងទាំងនេះហើយទើបធ្វើឱ្យប្រទេសនេះមិនចាំបាច់ក្នុងការប្រើប្រាស់ភ្លើងស្តុបនោះឡើយ៕
ប្រភព៖ Kenh14