បើនិយាយពីបវរកញ្ញាចក្រវាលកម្ពុជាប៉ុន្មានជំនាន់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានការចាប់អារម្មណ៍តាមដានពីសកម្មភាពផ្សេងៗក្នុងវិស័យបវរកញ្ញា ពួកគេក៏ធ្វើឱ្យមហាជនអ្នកគាំទ្រចូលចិត្តតាមដានចង់ដឹងពីជីវិតឯកជនផងដែរ ជាពិសេសរឿងរ៉ាវស្នេហា។ ជាក់ស្ដែង ក្រឡេកមើល MUC ៤ ជំនាន់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ ដែលបានបើកបង្ហាញម្ចាស់បេះដូងសុទ្ធសឹងតែសង្ហាៗ ចាប់ដៃគ្នាជាគូជីវិត និង អ្នកខ្លះកំពុងសាងគ្រួសារយ៉ាងមានក្ដីសុខផងដែរ។ MUC ៤ ជំនាន់នោះរួមមាន៖
១. រឿន ណាត Miss Universe Cambodia 2018
និយាយពីជីវិតស្នេហារបស់បវរកញ្ញា រឿន ណាត បានបង្ហាញទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងលោក លាវ វេងហួរ ដែលជាបុរសឯកអន្តរជាតិ Mister Friendship International 2024។ ក្រោយទាក់ទងស្វែងយល់ចិត្តគ្នាមួយរយៈ កញ្ញា រឿន ណាត ក៏ត្រូវបានគូស្នេហ៍ រៀបចំ Surprise លុតជង្គង់សុំនាងរៀបការនៅឯទឹកដីអង្គរយ៉ាងរំភើបបំផុត។ មកដល់ពេលនេះ អ្នកទាំងពីរ ក៏បានថត Pre-Wedding ត្រៀមរៀបការ និង បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅផងដែរ។
២. រ៉េត សារីតា Miss Universe Cambodia 2020
មកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលបវរកញ្ញា រ៉េត សារីតា បានបើកបង្ហាញចំណងស្នេហ៍ជាមួយនឹងបុរសរូបសង្ហាជនជាតិបរទេសអាមេរិកកាត់អាហ្សង់ទីនលោក Tomas Gimenez ។ ក្រោយទាក់ទងគ្នាប៉ុន្មានឆ្នាំ កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ រ៉េត សារីតា ក៏ត្រូវបានគូស្នេហ៍ Surprise សុំនាងរៀបការយ៉ាងរ៉ូមែនទិកនៅលើកំពូលភ្នំប្រទេស New Zealand។ លើសពីនេះ ក្រោយពីត្រូវបានគូស្នេហ៍សុំរៀបការហើយនោះ កញ្ញា រ៉េត សារីតា បានឱ្យដឹងថានាង និង គូស្នេហ៍បានចុះអ៊ីតាស៊ីវិលនឹងគ្នារួចរាល់ហើយ រីឯមង្គលការអ្នកទាំងពីរនឹងគម្រោងធ្វើឡើងនៅចុងឆ្នាំក្រោយ ដោយពេលនេះដែរ អ្នកទាំងពីរ ក៏បានគ្រងឈុតប្រពៃណីខ្មែរ ថត Pre-Wedding ត្រៀមរៀបការផងដែរ។
៣. ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021
ចំពោះរឿងរ៉ាវស្នេហារបស់បវរកញ្ញា ងិន ម៉ារ៉ាឌី ក្រោយពីបញ្ចប់បេសកម្មតំណាងប្រទេសប៉ុន្មានខែអំឡុងឆ្នាំ ២០២១ កន្លងទៅ នាងក៏បានបើកបង្ហាញមុខម្ចាស់បេះដូងរូបសង្ហាជាកូនខ្មែររស់នៅសហរដ្ឋអាមេរិកឈ្មោះថា Vannora Tith។ គិតមកដល់ពេលនេះ រយៈពេលជិត ២ ឆ្នាំមកហើយ ដែលបវរកញ្ញា ងិន ម៉ារ៉ាឌី និង លោក Vannora Tith បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ដោយពេលនេះដែរ ក៏ទទួលបានទាយាទដំបូងជាកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម មានអាយុ ១ ខួបជាងហើយ។
៤. ប្រាសាទ ដាវីន Miss Universe Cambodia 2024
និយាយពីបវរកញ្ញាដែលជាស្រ្ដីដ៏មានសក្កានុពល ប្រាសាទ ដាវីន មុននឹងឈានជើងចូលវិស័យបវរកញ្ញាប្រកួតកម្មវិធី MUC អ្នកនាងបានរៀបការសាងគ្រួសាររួចហើយ និង មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់មានវ័យ ៥ ឆ្នាំហើយផងដែរ។ ចំពោះម្ចាស់បេះដូងដែលជាស្វាមីរបស់អ្នកនាង ប្រាសាទ ដាវីន ក៏ត្រូវបានគេស្គាល់ថាបុរសរូបសង្ហាជនជាតិបរទេសមានឈ្មោះថា Tim Grintal ដែលជាជនជាតិស្លូវេនី៕