តូចតែខ្លឹម! ស្ត្រីពពោះញុំាពងក្រួច ធ្វើឱ្យកូនកើតមកស្អាត ឆ្លាត ឯអ្នកម្តាយក៏សុខភាពល្អទៀត
បើប្រៀបធៀបជាមួយពងមាន់ ពងក្រួចតូចជាង ៣ ទៅ ៤ ដងឯណោះ។ ផ្នែកពេទ្យសាស្ត្ររកឃើញថា ថ្វីបើពងក្រួចតូចជាង តែវាខ្លឹម និង សម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនជាង ហើយល្អចំពោះសុខភាព ជាពិសេសសម្រាប់ស្ត្រីពពោះ និង កូនក្នុងផ្ទៃ។
តាមការស្រាវជ្រាវ ពងក្រួចមានផ្ទុកសារធាតុដ៏មានសារប្រយោជន៍ដូចជា៖ ពពួកក្រុមវីតាមីន B, វីតាមីន A, E, K, D និង វីតាមីនល្អៗដទៃទៀត។ ក្នុងនោះក៏មានប្រូតេអ៊ីន, ខ្លាញ់ល្អ, កាបូនអ៊ីដ្រាត, អាស៊ីតសរីរាង្គ, អាស៊ីតអាមីណូ, កាល់ស្យូម, ទង់ដែង, ផូស្វ័រ, ជាតិដែក, ប៉ូតាស្យូម, សូដ្យូម, ស័ង្កសី, ម៉ង់ហ្គាណែស និង សារធាតុជាច្រើនទៀតផងដែរ។ ដោយឡែកចំពោះកាឡូរីវិញ ពងក្រួចទម្ងន់ ១០០ ក្រាម មានកាឡូរីត្រឹមតែ ១៦០ ប៉ុណ្ណោះ។
អ្នកម្តាយអាចផ្តល់សារធាតុទាំងនេះទៅកូនក្នុងផ្ទៃ តាមរយៈការបរិភោគពងស្ងោរដោយផ្ទាល់។ ជាតិប្រូតេអ៊ីននៅក្នុងពងក្រួច អាចធានាដល់ការស្ថាបនាប្រព័ន្ធទាំងអស់នៃអំប្រ៊ីយ៉ុង ចាប់តាំងពីសាច់ដុំ និង ប្រព័ន្ធសាច់ដុំ (musculoskeletal system) រហូតដល់សរីរាង្គ។ អ្នកមិនចូលចិត្តញុំាសាច់ ឬ តមសាច់ ពងក្រួចអាចជាអាហារជំនួស ដែលវាជួយបំពេញប្រូតេអ៊ីនដូចទៅនឹងសាច់សត្វដែរ។
ចំពោះ វីតាមីន B វាមានផលវិជ្ជមានខ្ពស់សម្រាប់ការរំលាយអាហារ ជួយប្រព័ន្ធសរសៃប្រសាទកណ្តាល និង ផ្លូវអារម្មណ៍សម្រាប់អ្នកម្តាយទៅថ្ងៃមុខ។ ចំណែកអាស៊ីតហ្វូលីក, វីតាមីន niacin, PP និង សមាសធាតុមានប្រយោជន៍ផ្សេងទៀត រួមចំណែកឱ្យការលូតលាស់ប្រក្រតី និង ការពារពិការភាពមួយចំនួន ជាពិសេស ពិការភាពបំពង់សរសៃប្រសាទ នៅអំឡុងត្រីមាសទី ១ ។
វីតាមីន A និង E ត្រូវបានគេឱ្យរហ័សនាម «វីតាមីនសម្រស់» វាជួយជំរុញដល់ស្បែក និង ជាលិការបស់កូននៅអំឡុងពពោះ។ លើសពីនេះ វាជួយពង្រឹងឫសសក់ និង ក្រចក របស់កូនផងដែរ។ សម្រាប់អ្នកម្តាយ ការញុំាពងក្រួចជាប្រចាំ អាចជួយកាត់បន្ថយជាតិប្រេងនៅលើស្បែក ធ្វើឱ្យស្បែកភ្លឺរលោង និង បញ្ចៀសបញ្ហាសក់បែកចុង។
រីឯកាល់ស្យូមឯណេះវិញ វាជួយជំរុញការអភិវឌ្ឍន៍ជាលិកាឆ្អឹង និង ធ្មេញរបស់កូន ខណៈដែលវា ក៏ជាតម្រូវការសម្រាប់ម្តាយដើម្បីថែទាំប្រព័ន្ធរំលាយអាហារ សុខភាព សក់ និង ក្រចក។ និយាយឱ្យចំ សារធាតុនេះជាផ្នែកពង្រឹងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ និង លូតលាស់ទារកនៅអំឡុងពពោះ។
មិនទាន់អស់នោះទេ! ការបរិភោគពងក្រួចជាប្រចាំ ជួយបំពេញជាតិដែកបង្ការពីភាពស្លេកស្លាំង។ ជាតិដែកដើរតួស្រូប និង ជំរុញដល់ការផលិតកោសិកាឈាមក្រហម នាំយកអុកស៊ីហ្សែនទៅកាន់កោសិកាម្តាយ និង កូនក្នុងផ្ទៃ។ សារធាតុ Tyrosine ជួយម្តាយប្រឆាំងជំងឺថប់បារម្ភ បញ្ចៀសអាការស្ពឹកស្រពន់ អារម្មណ៍ភ័យខ្លាច ឆេវឆាវ និង គេងពុំសូវលក់។ មួយសំខាន់ចុងក្រោយ អាស៊ីតអាមីណូជំរុញប្រព័ន្ធសរសៃប្រសាទ បង្កើនភាពសុំា ធន់នឹងជំងឺផ្តាសាយ និង ការឆ្លងមេរោគ។
តាមផ្នែកពេទ្យសាស្ត្រ ស្ត្រីបរិភោគពងក្រួចអំឡុងពពោះ មានសារសំខាន់ចំពោះសុខភាពទៅថ្ងៃអនាគត។ ក្នុងនោះរួមមាន៖
- កាត់បន្ថយការពុល ចង្អោរ ខ្សោយទូទៅ ខ្វះចំណង់អាហារ រលាក មិនរំលាយអាហារ ទល់លាមក និង រាគ។
- កាត់បន្ថយបញ្ហាទាក់ទងនឹងស្បូន។
- កាត់បន្ថយប្រឈមកើតមិនគ្រប់ខែ និង រលូត។
- ជួយឱ្យឆាប់បាត់ក្រហាយទ្រូង ដែលច្រើនកើតឡើងនៅអំឡុងពពោះត្រីមាសទី ២ និង ត្រីមាសទី ៣។
- ជួយដំណេកប្រសើរជាងមុន និង គេងស្ងប់ល្អ។
- កាត់បន្ថយការឡើងសម្ពាធឈាមនៅអំឡុងពពោះ ដូចជាជំងឺក្រិនសរសៃឈាម និង ជំងឺក្រឡាភ្លើង។
- ជំរុញមុខងារតម្រងនោម បំបាត់អាការហើមដោយរុញច្រានជាតិទឹកលើសចេញពីរាងកាយ។ ជាទូទៅវាកើតឡើងនៅអំឡុងពពោះត្រីមាសទី ៣។
ជារួមមក ពងក្រួចថ្វីបើតូចតែរាង តែខ្លឹមជាងពងដទៃ។ សារធាតុចិញ្ចឹមល្អៗដែលមាននៅក្នុងពង មិនត្រឹមមានប្រយោជន៍ចំពោះសុខភាពម្តាយ និង កូននៅអំឡុងពពោះប៉ុណ្ណោះទេ តែថែមទាំងផ្តល់ផលវិជ្ជមានទៅថ្ងៃខាងមុខផងដែរ។ សំខាន់ វាជាប្រភពវីតាមីនជួយសម្រស់ទៀតផង។ ដូចនេះ ស្ត្រីអាចរីករាយទទួលទានពងក្រួច ដោយគ្រាន់តែជ្រើសរើសជាអាហារសម្រន់ ឬ បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ជាការស្រេច៕
ប្រភព៖ howtogetrid