លក់ចេញមួយគូទៀតហើយ! James Jirayu យកចៀមជាសាក្សី សុំមិត្តស្រីរៀបការយ៉ាងរំភើប ក្រោយទាក់ទងគ្នាជិត ១០ ឆ្នាំ
ក្រោយពីទាក់ទងគ្នាអស់ជិត ១០ ឆ្នាំ ពេលនេះតារាប្រុស James Jirayu បានសម្រេចចិត្តលុបនាមជាសង្សារចេញជាមួយនឹង Foam ដោយលោកបានសុំនាងរៀបការយ៉ាងរំភើប ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនញ័របេះដូងតាម។
នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ James Jirayu បានទម្លាយរូបភាពជាច្រើនសន្លឹករបស់លោក ដែលបង្ហាញឱ្យដឹងឃើញពីសកម្មភាពដ៏ផ្អែមល្ហែមរបស់លោក ខណៈសុំសង្សាររៀបការជាមួយនឹងចិញ្ចៀនពេជ្រគ្រាប់ធំភ្លឺចិញ្ចាច នៅកណ្តាលបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយ ព្រមទាំងមានហ្វូងសត្វចៀមច្រើនក្បាលជាសាក្សីស្នេហ៍យ៉ាងគួរឱ្យស្រឡាញ់ទៀតផង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជារំភើបជំនួសតារាសំណព្វចិត្ត ព្រោះលោកបានឈានឡើងជណ្តើរជីវិតមួយកាំទៀតហើយជាមួយនឹងមនុស្សស្រីជាទីស្រឡាញ់ ដោយអ្នកគាំទ្របានជូនពរឱ្យលោកបានសេចក្តីជាមួយនឹងជីវិតប្តីប្រពន្ធដែលខិតចូលមកដល់ខាងមុខ៕
ប្រភព៖ Khaosod