ទាន់ហេតុការណ៍! ប៊ី សុធារី បកស្រាយមូលហេតុអស់ពីពោះយ៉ាងលម្អិត នូវការសម្រេចចិត្តឈប់ទៅប្រកួតកម្មវិធី MGI 2024 នៅថៃ
នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះ អ្នកស្រី អ៊ឹម សុគន្ធា និង កញ្ញា ប៊ី សុធារី រួមទាំងក្រុមការងារបានបើកសន្និសីទសារព័ត៌មានមួយបកស្រាយជុំវិញបញ្ហាចម្រូងចម្រាស និង ការឈានដល់ការរំសាយការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International 2024។
ក្នុងការឆ្លើយសំណួរពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ឃើញថាអ្នកស្រី អ៊ឹម សុគន្ធា និង កញ្ញា ប៊ី សុធារី រួមទាំងក្រុមការងារដែលបានជួបរឿងរ៉ាវដោយផ្ទាល់បានបកស្រាយយ៉ាងក្បោះក្បាយល្អបំផុតប្រកបដោយភាពជាក់លាក់ និង មានភស្តុតាងមកលើកបង្ហាញយ៉ាងត្រឹមត្រូវ ដែលខុសពីអ្វីដែលភាគីខាងក្រុមការងារ MGI ចោទប្រកាន់ថាក្រុមការងារខាងកម្ពុជាមិនមានវិជ្ជាជីវៈក្នុងការរៀបចំកម្មវិធីក្នុងនាមជាម្ចាស់ផ្ទះនោះ។
ជាមួយគ្នានោះដែរ ក្នុងចំណោមសំណួរចោទសួរជាច្រើនក៏មានការសាកសួរទៅកាន់កញ្ញា ប៊ី សុធារី ជុំវិញមូលហេតុនៃការសម្រេចចិត្តមិនទៅប្រកួតបន្តនៅប្រទេសថៃ និង ដកខ្លួនចេញពីកម្មវិធីមួយនេះរហូត។ ជាការឆ្លើយតប បវរកញ្ញាកម្ពុជាដ៏មានឥទ្ធិពលរូបនេះបានរៀបរាប់យ៉ាងក្បោះក្បាយថា មូលហេតុដែលនាងឈប់បន្តដំណើរជាមួយកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិមួយនេះ គឺជាការសម្រេចចិត្តរបស់នាងដោយផ្ទាល់ដោយសារតែការមើលឃើញពីទង្វើរបស់ក្រុមការងារ MGI ធ្វើដាក់មកលើក្រុមការងាររបស់កម្ពុជាយើង។
នាងបានសង្កត់ធ្ងន់ថា ទង្វើដែលបានធ្វើដាក់លើក្រុមការងារកម្ពុជាពេលនោះគឺធ្វើឱ្យនាងពិបាកទទួលយកមែនទែន វាជាទង្វើអសីលធម៌ មិនគោរព និង បំបាក់មុខពលរដ្ឋ និង ប្រទេសជាម្ចាស់ផ្ទះជាខ្លាំង។ ប៊ី សុធារី បានបន្តទៀតថា ការសម្រេចចិត្តចូលរួមប្រកួតកម្មវិធី Miss Grand គឺដោយសារតែនាងចង់ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និង ទឹកចិត្តល្អល្អះភាពរួសរាយរាក់ទាក់របស់ពលរដ្ឋកម្ពុជាទៅកាន់ពិភពលោកបានឃើញ និង ស្គាល់ ប៉ុន្តែក្រោយជួបបញ្ហាថ្មីៗនេះទើបនាងយល់ច្បាស់ថា នាងមិនត្រូវការកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិមួយនេះដើម្បីជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៀតនោះទេ ព្រោះថាការផ្សព្វផ្សាយពីភាពល្អល្អះនៃប្រទេសយើង គឺមានវិធីសាស្ត្រច្រើនផ្សេងទៀតមិនមែនពឹងលើតែកម្មវិធីនេះមួយនោះទេ។
កញ្ញា ប៊ី សុធារី បានបន្ថែមមួយឆ្ងាញ់ទៀតថា៖ «អ្នកធ្វើទង្វើចាត់ការមកយើង ខ្ញុំក៏ចេះមានចំណាត់ការដូចគ្នា គ្រាន់តែខ្ញុំធ្វើវាប្រកបដោយភាពត្រឹមត្រូវល្អ»។ យ៉ាងណាមិញ ប៊ី សុធារី ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតដែរថា ភាពចម្រូងចម្រាសដ៏ក្ដៅគគុកនេះគឺរវាងស្ថាប័ន និង ស្ថាប័នប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេស និង ប្រទេសនោះឡើយ។ ប្រទេសកម្ពុជានៅតែស្វាគមន៍ពលរដ្ឋថៃមកកាន់ទឹកដីសុវណ្ណភូមិរបស់យើងជានិច្ច៕
ទស្សនាវីដេអូលម្អិតខាងក្រោម៖