ទោះធ្លាប់ស្ងប់ស្ងាត់ តែតារាចម្រៀងស្រីជំនាន់ឆ្នាំ ២០០០ ពីររូបនេះ នៅតែត្រូវប៉ាន់ទីផ្សារសិល្បៈ មិនចាញ់សិល្បករជំនាន់ក្រោយ
មួយរយៈចុងក្រោយនាចុងឆ្នាំ ២០២៤ នេះ មហាជននិយមតាមដានវិស័យចម្រៀងមួយចំនួន ច្បាស់ជាបានចាប់អារម្មណ៍ហើយថា មានតារាចម្រៀងប្រុសស្រីរៀមច្បងជាច្រើន ពោលគឺតារាចម្រៀងល្បីៗអំឡុងឆ្នាំ ២០០០ បានបង្ហាញវត្តមានជាថ្មីលើវិថីសិល្បៈបំបុកទីផ្សារការងារមិនចាញ់ប្អូនៗជំនាន់ក្រោយនោះឡើយ។
ជាក់ស្តែង ក្នុងនោះក្រឡេកទៅមើលអតីតតារាចម្រៀងប្រចាំផលិតកម្មថោន ២ រូប គឺអ្នកនាង យក់ ថិតរដ្ឋា និង កញ្ញា លី អ៊ីវ៉ាធីណា វិញ អ្នកគាំទ្របានឃើញមួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះជំនាន់ឆ្នាំ ២០០០ ទាំង ២ រូប បានវិលត្រឡប់មកកាន់វិថីសិល្បៈវិញទទួលបានទីផ្សារកាន់តែខ្លាំងលើវិស័យចម្រៀង។
១. អ្នកនាង យក់ ថិតរដ្ឋា
ក្រោយពីស្ងប់ស្ងាត់លើវិថីសិល្បៈកាលពីចុងឆ្នាំ ២០២៣ មក អ្នកនាង យក ថិតរដ្ឋា ទទួលបានភាពជោគជ័យជាថ្មីយ៉ាងគំហុក ដោយអ្នកនាងបានក្លាយទៅជាតារាចម្រៀងឯករាជ្យ និង មានទីផ្សារការងារសិល្បៈជាច្រើន។
២. កញ្ញា លី អ៊ីវ៉ាធីណា
ជាការពិត ក្រោយចាកចេញពីផលិតកម្មថោន ក្លាយទៅជាតារាចម្រៀងឯករាជ្យ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនសូវបានបង្ហាញវត្តមានទាំងស្រុងលើវិថីសិល្បៈនោះឡើយ ពោលគឺកញ្ញាសម្រុកទៅលើមុខជំនួញជាង។ យ៉ាងណាមិញ ប៉ុន្មានខែចុងក្រោយនេះ កញ្ញា លី អ៊ីវ៉ាធីណា បានលេចវត្តមានក្នុងកម្មវិធីកម្សាន្ត និង ការឡើងច្រៀងមិនដាច់នោះឡើយ៕