Selena Gomez ទើបជាប់ងារជាមហាសេដ្ឋីវ័យក្មេង តែបែរជាអភ័ព្វរឿងមួយ គឺជីវិតនេះមិនអាចពពោះកូនបាន
កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងស្រី Selena Gomez ដែលទើបឡើងងារជាមហាសេដ្ឋិនីវ័យក្មេង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំងក្រោយរូបនាងទម្លាយប្រាប់ទស្សនាវដ្ដី Vanity Fair ថា នាងត្រូវទទួលយកនៅរឿងដ៏សោកសៅដែលនាងមិនអាចមានសមត្ថភាពពពោះខ្លួនដោយខ្លួនឯងបាន។
រៀបរាប់ប្រាប់ទស្សនាវដ្ដីខាងលើ Selena បាននិយាយថា៖ «ខ្ញុំមិនធ្លាប់ដែលនិយាយរឿងនេះទេ ប៉ុន្តែខ្ញុំអភ័ព្វមិនអាចពពោះកូនខ្លួនឯងបាន។ ខ្ញុំមានបញ្ហាសុខភាពច្រើនដែលអាចធ្វើឱ្យជីវិតខ្ញុំ និង កូនខ្ញុំអាចជួបគ្រោះថ្នាក់។ នេះហើយគឺជារឿងដែលធ្វើឱ្យសោកសៅមួយរយៈ»។
បើទោះជាផ្លូវឆ្ពោះទៅភាពជាម្ដាយគេនេះមានភាពខុសគ្នាពីមនុស្សទូទៅសម្រាប់នាងក្ដី ប៉ុន្តែតារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះនៅតែជឿជាក់ចង់ក្លាយជាម្ដាយគេនៅថ្ងៃណាមួយ។ Selena បានរៀបរាប់បន្ថែមថា៖ «វាមិនចាំបាច់ដូចទៅនឹងអ្វីដែលខ្ញុំស្រមៃចង់បាននោះទេ។ ខ្ញុំគិតថាវាអាចកើតឡើងតាមដែលអ្វីដែលបានកើតឡើងចំពោះមនុស្សរាល់គ្នា។ ខ្ញុំនៅកន្លែងល្អប្រសើរបែបនេះហើយ ខ្ញុំគិតថាវាពិតជាល្អណាស់ហើយដែលមានមនុស្សអស្ចារ្យជាច្រើនដែលនឹងព្រមទទួលពពោះជំនួស ឬ ព្រមឱ្យទទួលចិញ្ចឹមកូនពួកគេ ជម្រើស ២ នេះគឺជាឱកាសដ៏ធំបំផុតសម្រាប់ខ្ញុំហើយ។ វាធ្វើឱ្យខ្ញុំពិតជាអរគុណដល់វិធីសាស្ត្រផ្សេងៗមែនទែនដែលផ្ដល់ឱកាសសម្រាប់អ្នកដែលចង់ក្លាយជាម្ដាយគេ ហើយក្នុងនោះក៏មានខ្ញុំម្នាក់ដែរ។ ខ្ញុំពិតជារំភើបសម្រាប់ដំណើរជីវិតមួយនេះនៅខាងមុខ បើទោះជាវាមើលទៅខុសគេបន្តិចមែន»។
Selena បានសង្កត់ធ្ងន់បន្ថែមថា៖ «បើទោះជាឱ្យគេពពោះជំនួស ឬ ទទួលចិញ្ចឹមកូនរបស់គេក្ដី ក្មេងទាំងនោះនឹងក្លាយជាកូនរបស់ខ្ញុំ។ នៅចុងបញ្ចប់ ខ្ញុំមិនខ្វល់នោះឡើយ ពួកគេគឺជាកូនខ្ញុំ និង នៅតែជាកូនរបស់ខ្ញុំ»៕
ប្រភព៖ Dailymail