ថៃ រកឃើញទំពាំងបាយជូរខៀវមានផ្ទុកសារធាតុគីមី ឥលូវផ្អើលដល់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីនាំគ្នាត្រួតពិនិត្យការនាំចូលយ៉ាងតឹងរ៉ឹង
ថ្មីៗនេះ ផ្លែទំពាំងបាយជូរ Shine Muscat ដែលជាពូជមកពីប្រទេសជប៉ុន កំពុងតែប្រឈមនឹងបញ្ហាក្រោយពីប្រទេសថៃបានរកឃើញថាវាមានសំណល់គីមីលើសស្តង់ដារ ដែលជាហេតុនាំឱ្យប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កំពុងតែពិនិត្យយ៉ាងតឹងរ៉ឹងលើគុណភាពទំពាំងបាយជូរដែលបាននាំចូល។
ក្នុងនោះនៅថ្ងៃទី៣១ ខែតុលា អាជ្ញាធរ និង ភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសថៃ បានរាយការណ៍ថាគេបានយកសំណាកគំរូទំពាំងបាយជូរចំនួន ២៤ គំរូនៅក្នុងទីក្រុងបាងកកទៅពិនិត្យ ហើយបានរកឃើញថាមានទំពាំងបាយជូរប្រភេទ Shine Muscat មានសារធាតុសំណល់គីមីលើសសំណាកទំពាំងបាយជូរដទៃ និង លើសពីស្តង់ដារ។
ដោយឡែកប្រទេសសិង្ហបុរីរាយការណ៍ថា គេមិនបានរកឃើញសំណល់សារធាតុគីមីនៅក្នុងទំពាំងបាយជូរដែលនាំចូលនោះទេ ប៉ុន្តែនឹងមានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្តទៀត។ សម្រាប់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមត្រួតពិនិត្យផ្លែទំពាំងបាយជូរដែលនាំចូល ហើយបានឃើញថាមានទំពាំងបាយជូរ ៤ យ៉ាងដែលមិនត្រូវស្តង់ដារ។ ដោយឡែក ប្រទេសឥណ្ឌូនេស៊ី ក៏កំពុងតែធ្វើការត្រួតពិនិត្យទៅលើទំពាំងបាយជូរ Shine Muscat ផ្ទាល់ ហើយក៏បានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួនសម្អាតបន្លែផ្លែឈើឱ្យបានត្រឹមត្រូវផងដែរ៕
ប្រភព៖ THESTANDARD