ចេញពី TVB បាន ៣ ឆ្នាំ Natalie Tong សម្រេចក្ដីស្រមៃក្លាយជាថៅកែហាងនំប៉័ង
ក្រោយចាកចេញពីក្រុមហ៊ុន TVB កាលពីឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រី Natalie Tong បានងាកទៅចាប់អារម្មណ៍ធ្វើសកម្មភាពផ្សេងៗដែលនាងមានក្ដីស្រមៃចង់ធ្វើជាយូរយារណាស់មកហើយ។
សកម្មភាពមួយនោះគឺជាការរៀនដុតនំ ដោយតារាសម្ដែងស្រីវ័យ ៤៣ ឆ្នាំរូបនេះជាញឹកញាប់តែងចែករំលែកបទពិសោធនៃការរៀនដុតនំរបស់នាងពីប្រទេសជប៉ុន និង ហុងកុងលើបណ្ដាញសង្គម Instagram របស់នាងផ្ទាល់។
ការប្រឹងប្រែងរៀនសូត្រលើចំណង់ចំណូលចិត្តរបស់ខ្លួន នៅទីបំផុតទទួលបានផ្លែផ្កាតាមក្ដីស្រមៃដោយថ្មីៗកន្លងទៅនេះ Natalie បានបើកហាងលក់នំប៉័ងមួយក្លាយជាថៅកែស្រីដ៏ជំនាញ និង ស្រស់សោភាម្នាក់ជាផ្លូវការហើយ។
ហាងនំប៉័ងរបស់នាងនេះដែរមានឈ្មោះថា «33 Cubread» ដែលជំនាញលើនំប៉័ងប្រភេទ toast បែបជប៉ុន ទើបតែបើកដំណើរការជាផ្លូវការកាលពីចុងខែតុលា ឆ្នាំ ២០២៤ កន្លងទៅ។ ក្នុងថ្ងៃដំបូងនោះដែរ សង្កេតឃើញថាមានភ្ញៀវជាច្រើនបាននាំគ្នាតម្រង់ជួរចាំទិញ ដោយនំប៉័ងរបស់នាងលក់អស់គ្មានសល់ត្រឹមម៉ោង៤ រសៀល។
គួររំឭកថា តារាសម្ដែងស្រី Natalie Tong បានបង្ហាញខ្លួនសម្ដែងឱ្យទូរទស្សន៍ TVB មិនក្រោម៥០ រឿងនោះទេ តាំងពីចូលក្រុមហ៊ុននេះកាលពីឆ្នាំ ២០០០ មក ដោយការសម្ដែងរបស់នាងតែងតែទទួលបានការសរសើរពីមហាជន៕