Boy ចេញមុខបំភ្លឺភ្លាមៗ ទាក់ទងនឹងករណីឆបោករបស់ក្រុមហ៊ុន The Icon Group ដែលកំពុងផ្ទុះពេញបណ្ដាញសង្គម
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នេះ តារាសម្តែងជួរមុខរបស់ថៃ លោក Boy Pakorn បានលេចមុខនៅក្នុងកម្មវិធីសម្ភាស Hone krasae ដើម្បីមកបកស្រាយបំភ្លឺទៅកាន់មហាជន ទាក់ទងនឹងករណីឆបោករបស់ក្រុម The Icon Group ដែលកំពុងតែផ្ទុះនៅពេលនេះ។
Boy បានរៀបរាប់ឱ្យដឹងថា លោក Paul ដែលជាម្ចាស់ក្រុមហ៊ុន The Icon Group បានទាក់ទងមកលោកនៅក្នុងឆ្នាំ ២០២០ ដើម្បីឱ្យលោកធ្វើជាអ្នកតំណាងផលិតផលប្រតេអ៊ីនមួយ ដោយមានកិច្ចសន្យា ១ ឆ្នាំ។ នៅក្នុងឆ្នាំ ២០២១ លោកក៏មិនបានបន្តកិច្ចសន្យាទៀត រហូតដល់ឆ្នាំ ២០២២ ទើបបានបន្តកិច្ចសន្យាជាថ្មី ដោយក្នុងកិច្ចសន្យាគឺគ្រាន់តែជាអ្នកតំណាងប៉ុណ្ណោះ លោកហ៊ានធានាខ្លួន ១០០ ភាគរយថាមិនមែនជានាយកប្រតិបត្តិ ឬជាអ្នកចូលហ៊ុនអ្វីនោះទេ។
Boy បន្តទៀតថា លោកក៏មានអារម្មណ៍ថាខ្លួនឯងល្ងង់ដែរ ក្រោយពីមានរឿងបែបនេះ ព្រោះពាក្យសម្តីដែលលោកបាននិយាយនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនកន្លងមកទាំងប៉ុន្មាន គឺសុទ្ធតែមានក្រុមការងារដាក់ Script ឱ្យទាំងអស់។ លោកសូមទោសដល់ជនរងគ្រោះទាំងអស់ លោកក៏យល់ព្រមការសាកសួរតាមផ្លូវច្បាប់របស់អាជ្ញាធរពាក់ព័ន្ធដោយមិនលាក់លៀមអ្វីឡើយ។ Boy បានឱ្យដឹងថាទៀតថា លោកឈរបានដល់សព្វថ្ងៃនេះ គឺដោយសារតែមហាជន ដូច្នេះហើយលោកនឹងនៅខាងមហាជនជានិច្ច លោកពេញចិត្តនឹងកាត់ផ្តាច់ខ្លួនពីក្រុមហ៊ុន៕
ប្រភព៖ Khaosod