ខែបុណ្យទាន ទៅជាបែកគំនិតលួចកោដ្ឋមាសក្នុងវត្តមួយនៅខេត្តកណ្ដាល តែពេលដេកយល់សប្ដិអាក្រក់ៗ ក៏យកទៅប្រគេននៅវត្តផ្សេង ត្រូវសមត្ថកិច្ចក្របួចបាន
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានជូនដំណឹងពីការស្រាវជ្រាវបង្រ្កាបករណីលួចកោដ្ឋធ្វើអំពីមាស ចំនួន ០២ លើក និង ០២ វត្ដ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានដឹងបាត់នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:១៥ នាទី ក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្ដព្រៃគោ) ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និង វត្តចំបក់មានជ័យ ស្ថិតនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំពោះករណីនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ មានឈ្មោះ ទី ឌីណាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិល្បៈចម្រៀង ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលវត្ថុតាងចាប់យករួមមាន ៖
១.កោដ្ឋធ្វើអំពីមាស ០១ និង ព្រះសារីរិកធាតុ ០១ គ្រាប់។
២.ម៉ូតូ ០១ គ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KI-5419
៣. ទូរស័ព្ទ ០១ គ្រឿងម៉ាក IPhone11 ពណ៌ស្វាយ
ចំពោះសម្ភារៈបាត់បង់រួមមាន ៖
១. កោដ្ឋធ្វើអំពីមាស ០១ (ជនសង្ស័យយកទៅប្រគេននៅវត្ដសន្លុង ស្រុកកណ្ដាលស្ទឹង)។
២. បន្តោងយុថ្កាខ្សែក ធ្វើអំពីមាស ០១ (លក់នៅខេត្ដសៀមរាប) ។
៣.កោដ្ឋធ្វើអំពីមាស មានដាំត្បូង ០១ និង ចិញ្ចៀនមាស ០១ វង់ (របស់វត្ដចំបក់មានជ័យ)។
ទាក់ទិនទៅនឹងរឿងនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ដោយបានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ទី ឌីណាក់ ដែលជនសង្ស័យរូបនេះបានសារភាពថា លើកទី ១ ខ្លួនបានចូលធ្វើសកម្មភាពលួចរបស់មានតម្លៃនៅវត្តចំបក់មានជ័យ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លួចបានកោដ្ឋធ្វើអំពីមាស ០១ និង ចិញ្ចៀនមាស ០១ វង់ បានយកទៅលក់ក្នុងផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាក់ ៣,២៥៩$ (បីពាន់ពីររយហាសិបប្រាំបួនដុល្លារ)។ ចំណែកចិញ្ចៀនមាសយកទៅលក់នៅខេត្តសៀមរាប បានប្រាក់ចំនួន ១៣០$ (មួយរយសាមសិប) សរុបទាំងអស់ ៣,៣៨៩$ (បីពាន់បីរយប៉ែតសិបប្រាំបួនដុល្លារ)។
លុះលើកទី ២ កាលពីថ្ងៃ ១៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៣:៣០ នាទី ជនសង្ស័យរូបនេះ បានចូលធ្វើសកម្មភាពលួចនៅក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្តព្រៃគោ) លួចបានកោដ្ឋធ្វើអំពីមាសចំនួន ០២ និង បន្តោងខ្សែក ០១ ធ្វើអំពីមាស។ ដោយមានចិត្តស្រលាញ់ ជនសង្ស័យក៏បានរក្សាកោដ្ឋទាំង ០២ ដើម្បីដុតធូបបូជានៅបន្ទប់ជួលរបស់ខ្លួនអស់រយៈពេល ០១ សប្តាហ៍ តែពេលដេកលក់តែងតែយល់សប្តិអាក្រក់ៗពេក ក៏បានសម្រេចចិត្តយកទៅប្រគេននៅវត្តសន្លុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ០១ កោដ្ឋ និង ទៅប្រគេននៅវត្តចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ០១ កោដ្ឋ។
ចំណែកបន្តោងខ្សែកមួយធ្វើអំពីមាស មួយនោះបានយកទៅលក់នៅខេត្តសៀមរាប បានប្រាក់ចំនួន ២៨០$ ខណៈប្រាក់ដែលខ្លួនលក់គ្រឿងមានតម្លៃទាំងអស់នោះ បានចាយវាយអស់ហើយ។ បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕