ប្រវត្តិមិនល្អ ធ្លាប់លួចលុយវត្តកាលពីតូច ដល់ធំឡើងយកលុយសងវត្តវិញ ថែមទាំងបរិច្ចាគបន្ថែមជាង ១ ពាន់ដុល្លារទៀត
ថ្មីៗនេះ អ្នកបម្រើនៅក្នុងវិហារមួយនាប្រទេសកូរ៉េខាងត្បូង បានប្រទះឃើញសំបុត្រអនាមិកមួយក្នុងប្រអប់បរិច្ចាគដោយសំបុត្រនោះរួមមានទាំងលុយចំនួន ២ លានវ៉ុន (១៥០០ ដុល្លារ) អមដោយសារសុំទោសសម្រាប់ទង្វើមិនល្អធ្លាប់លួចលុយវិហារកាលពី ២៧ ឆ្នាំមុន។
ក្នុងសំបុត្រនោះបានរៀបរាប់លម្អិតថា កាលពីឆ្នាំ ១៩៩៧ អំឡុងពេលអាស៊ីជួបវិបត្តិហិរញ្ញវត្ថុ មានក្មេងប្រុសម្នាក់បានលួចលុយ ៣ ម៉ឺនវ៉ុន (២៣ ដុល្លារ) ពី Jajangam Hermitage នៅវិហារ Tongdo នាខេត្ត Gyeongsang។ រូបគេបានយកលុយនោះមកផ្ទះដាក់ក្នុងសំណាញ់បង់ត្រី។
អក្សរក្នុងសំបុត្របានរៀបរាប់ទៀតថា រូបគេធ្លាប់មានបំណងចង់លួចលុយទៀតនៅប៉ុន្មានថ្ងៃបន្ទាប់ តែត្រូវបរាជ័យព្រោះព្រះសង្ឃចាប់បាន។ នៅពេលនោះ ព្រះសង្ឃមិនបានរាយការណ៍ទៅប៉ូលិស ឬ ប្រាប់ឪពុកម្ដាយក្មេងនោះឡើយ តែបែរជាយកព្រះហស្ថព្រះអង្គដាក់លើស្មាក្មេងនោះ ទ្រង់បិទព្រះនេត្រ និង ងក់ព្រះកេសដោយស្ងប់ស្ងាត់បំផុត។ ចាប់តាំងពីថ្ងៃនោះមក លោកគឺលែងមានចិត្តចង់បានរបស់អ្វីដែលមិនមែនជារបស់ខ្លួនតទៅទៀតឡើយ ហើយលោកបាននិយាយថាវាប្រៀបដូចជាព្រះសង្ឃបានដាក់មន្តគាថាណែនាំឱ្យលោកងាកទៅរកផ្លូវល្អដូច្នោះឯង។
បុរសអនាមិកដដែលបានរៀបរាប់បន្ថែមថា លោកសម្រេចចិត្តមកសុំទោស និង បង្ហាញការដឹងគុណចំពោះព្រះសង្ឃ និង ព្រះវិហារនេះ ក៏ព្រោះតែលោកកំពុងតែត្រៀមទទួលបានសមាជិកថ្មី ដោយលោកចង់ឱ្យខ្លួនឯងក្លាយជាឪពុកដែលកូនមានមោទកភាព។ ក្នុងសំបុត្រនោះ លោកក៏បានបញ្ជាក់ថាការបរិច្ចាគប្រាក់ ២ លានវ៉ុននេះ គឺដើម្បីជាការសងនូវបំណុលដែលខ្លួនជំពាក់វិហារ និង សុំការអភ័យទោសដែលមិនបានសងលឿនជាងនេះ៕
ប្រភព៖ SCMP