ទីបំផុត! ប្រទេសកូរ៉េខាងត្បូង មានអត្រាទារកកើនជាង ១ ពាន់នាក់ជាលើកដំបូង ក្នុងរយៈពេល ១២ ឆ្នាំមកនេះ
ចំនួនទារកដែលបានកើតក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១២ ឆ្នាំមកនេះ កាលពីខែកក្កដា កន្លងទៅ ខណៈប្រទេសមួយនេះកំពុងតស៊ូទប់ទល់ការធ្លាក់ចុះអត្រាកំណើតធ្ងន់ធ្ងរ និង អត្រាមនុស្សវ័យចំណាស់បន្តកើនឡើង។
ជាក់ស្ដែង បើតាមទិន្នន័យបញ្ចេញដោយស្ថិតិកូរ៉េ (Statistics Korea) កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញឱ្យឃើញថា ទារកសរុបចំនួន ២០ ៦០១ នាក់បានកើតក្នុងខែកក្កដា ឆ្នាំ ២០២៤ ដែលចំនួននេះគឺកើនឡើង ៧.៩% (១៥១៦ នាក់) បើធៀបទៅនឹងទិន្នន័យកាលពីឆ្នាំមុន។ នេះជាការកើនឡើងច្រើនបំផុតមិនធ្លាប់មានពីមួយឆ្នាំទៅមួយឆ្នាំ គិតតាំងពីឆ្នាំ ២០១២ មក។
ខាងភ្នាក់ងារផ្នែកស្ថិតិកូរ៉េបានលើកឡើងទៀតថា ការកើនចំនួនទារកក្នុងប្រទេសនេះដែរកើតមានឡើងខណៈមានគូស្នេហ៍ច្រើននាំគ្នាសម្រេចចិត្តរៀបការចាប់ពីពាក់កណ្ដាលចុងឆ្នាំ ២០២២ ដល់ពាក់កណ្ដាលដើមឆ្នាំ ២០២៣ ក្រោយការរៀបចំពិធីមង្គលការត្រូវបានពន្យារអំឡុងពេលដំណាក់កាលដំបូងៗនៃការផ្ទុះឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ ចំនួនទារកដែលកើតក្នុងប្រទេសបានធ្លាក់ចុះ ១.២% (១៣៧ ៩១៣ នាក់) ស្របពេលអត្រាកំណើតធ្លាក់ចុះ។ ផ្ទុយទៅវិញ អត្រាមរណភាពបានកើនឡើង ០.៤% ពីមួយឆ្នាំទៅមួយឆ្នាំ គិតត្រឹមខែកក្កដា ហើយចំនួនប្រជាជនក៏ធ្លាក់ចុះ ៧៦៣៩ នាក់។
ចំនួនគូស្នេហ៍ដែលរៀបការបានហក់ឡើង ៣២.៩% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែកក្កដា ដែលជាចំនួនកើនឡើងច្រើនបំផុតសម្រាប់ខែកក្កដាគិតតាំងពីឆ្នាំ ១៩៨១ មក។ យ៉ាងណាមិញ ចំនួនអ្នកលែងលះគ្នាក៏កើនឡើងដូចគ្នាចំនួន ៥.៩%។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងកើតមានការព្រួយបារម្ភខ្លាំងលើការបម្រែបម្រូលស្ថិតិប្រជាជនក្នុងប្រទេស ខណៈយុវវ័យក្មេងៗជាច្រើនមិនព្រមរៀបការយកកូន។ ពួកគេបានលើកហេតុផលថា មកពីតម្លៃផ្ទះឡើងខ្ពស់ ហើយការងារក៏ពិបាករកធ្វើ ទើបមិនអាចគិតគូរពីការកសាងជីវិតគ្រួសារបាន៕
ប្រភព៖ Kenh14