បែកពីសង្សារចាស់មួយរយៈធំ ពេលនេះ Cheer សារភាពថាកំពុងសាងស្នេហ៍ថ្មីជាមួយនារីដូចគ្នា
តាំងពីបែកគ្នាជាមួយនឹងសង្សារចាស់ហាយសូរ Big មក គេសង្កេតឃើញថា Cheer បានផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មី គឺកាត់សក់ខ្លី ក្លាយជាមនុស្សស្រីដែលមានបង្កប់ភាពសង្ហាយ៉ាងប្លែកភ្នែក ដែលធ្វើឱ្យអ្នកគាំទ្រនាំគ្នាជាប់ចិត្តស្រឡាញ់លើសដើម។
យ៉ាងណាមិញ សម្រាប់រឿងរ៉ាវបេះដូងវិញ ថ្មីៗនេះ Cheer បានឱ្យដឹងថា តាំងពីផ្លាស់ប្តូរស្ទីលមក គឺមានមនុស្សស្រីចូលមកញ៉ែច្រើន ហើយនាងក៏មិនបានបិទបេះដូងនោះដែរ គឺនាងទទួលបានទាំងអស់ ទាំងមនុស្សប្រុស និង មនុស្សស្រី ប៉ុន្តែនាងសារភាពត្រង់ៗថាមួយរយៈក្រោយនេះ គឺចូលចិត្តមនុស្សស្រីច្រើនជាង។
យ៉ាងណាមិញ នៅពេលនេះ នាងកំពុងតែមានទំនាក់ទំនងមើលចិត្តគ្នាជាមួយអ្នកថ្មីដោយមិនទាន់ដល់លក្ខណៈជ្រៀលជ្រៅអ្វីនោះទេ នាងក៏មិនធ្លាប់បើកទម្លាយរឿងបែបនេះនោះដែរ ភាគច្រើនតែងមានអ្នកមកទម្លាយពីនាងរហូត នាងមិនចង់លាក់លៀមអ្វីនោះទេ នាងមិនបានខ្លាចអ្វីឡើយ តែនាងគ្រាន់តែគិតដល់អារម្មណ៍របស់អ្នកថ្មីប៉ុណ្ណោះ៕