![ស្បែកជើងបុរសម៉ូដ ២០២៥ ចេញសុទ្ធតែប្រ៊េនល្បី តែគេបែរចាត់ទុកជាម៉ូដដូចឆ្កួតទៅវិញ](https://www.popular.com.kh/wp-content/uploads/2024/06/Master-for-Web-41.jpg)
ស្បែកជើងបុរសម៉ូដ ២០២៥ ចេញសុទ្ធតែប្រ៊េនល្បី តែគេបែរចាត់ទុកជាម៉ូដដូចឆ្កួតទៅវិញ
បច្ចុប្បន្ន កម្មវិធី Paris Fashion Week នៅប្រទេសបារាំង បានកំពុងតែបញ្ចេញខូឡិកហ្សិនម៉ាកអន្តរជាតិល្បីៗជាមួយសម្លៀកបំពាក់សម្រាប់រដូវក្តៅឆ្នាំ ២០២៥ ឬ Spring/Summer 2025 ។ ចំណោម Trend ថ្មីនៅលើវិថី Runway ក្នុងនោះខូឡិកហ្សិនបុរស គេបានចាប់អារម្មណ៍ខ្លាំងទៅលើ Trend ស្បែកជើង ដែលជាម៉ូដថ្មីមានលក្ខណៈប្លែក និង ហ្វេហ្សិន ប៉ុន្តែខាងសារព័ត៌មានជាច្រើនបែរជាចុះផ្សាយថា វាជាម៉ូដដ៏ឆ្កួតបំផុតប្រចាំឆ្នាំ ២០២៥ ទៅវិញ។ ចំណោមម៉ូដប្លែកដែលចាត់ទុកជាម៉ូដឆ្កួតបំផុតទាំងនោះ គេបានលើកឡើងពី Trend របស់ម៉ាកយីហោល្បីចំនួន ៤ ។ «ប្រជាប្រិយ» សូមបង្ហាញដូចខាងក្រោម។
១. ម៉ាក Comme des Garçons
![](https://www.popular.com.kh/wp-content/uploads/2024/06/1-168.jpg)
Comme des Garçons ជាម៉ាករបស់ជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បង្កើតឡើងដោយស្ត្រីអ្នកច្នៃម៉ូដជនជាតិជប៉ុនឈ្មោះ Rei Kawakubo។ សម្រាប់ស្បែកជើងម៉ូដឆ្កួតបំផុតនេះ ម៉ាក Comme des Garçons បានសហការជាមួយម៉ាកជប៉ុន Kids Love Gaite កាលពីពីររដូវកាលមុនដើម្បីបង្កើតម៉ូដនេះឡើង។ វាជាស្ទាយ៌ Derby ឬស្ទាយ៌ពុះជាពីរ ដោយមួយចំហៀងម៉ូដធម្មតា និង មួយចំហៀងទៀតដេរផ្នត់អង្កាញ់ៗបះឡើងទៅលើ។ ខូឡិកហ្សិននេះមកជាមួយពណ៌ផ្កាឈូក ពណ៌ខ្មៅ និង ពណ៌ស។
២. ម៉ាក Feng Chen Wang
![](https://www.popular.com.kh/wp-content/uploads/2024/06/2-135.jpg)
Feng Chen Wang ជាម៉ាករបស់ចិន ដែលស្ថាបនិកជាស្ត្រីអ្នកច្នៃម៉ូដមានប្រភពចេញមកពីទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ នាងបានបង្កើតម៉ូដនេះដោយសហការជាមួយម៉ាកស្បែកជើង Ugg ដែលជាការបំផុសគំនិត(inspire)ចេញពីការស្រលាញ់ទៅលើវត្ថុបុរាណ។ នាងបានយកម៉ូដស្បែកជើង Tasman របស់ម៉ាក Ugg ជាគោល រួចច្នៃប្រតិដ្ឋដាក់បញ្ចូលគ្នារវាងធាតុរលោងនៃពរ្សឺឡែន និង រូបរាងបែបអរូបិយនៃដីឥដ្ឋ បង្កើតបានជាម៉ូដថ្មីប្លែកបែបនេះ។ ស្បែកជើងនេះមកជាមួយពណ៌ស ពណ៌ខ្មៅ ពណ៌បៃតងស្រាល ពណ៌ត្នោតស្រាល និង ពណ៌ប្រផេះបែកប្រាក់។
៣. ម៉ាក Rick Owens
![](https://www.popular.com.kh/wp-content/uploads/2024/06/3-122.jpg)
ឃើញហើយសួរថាបុរសៗហ៊ានពាក់វាឬទេ? ប្រាកដណាស់ អ្នកហ្វេហ្សិននិយមច្បាស់ជាហ៊ាន។ Rick Owens ជាម៉ាកយីហោបង្កើតនៅបារាំង ឯស្ថាបនិកគឺជាអ្នកច្នៃម៉ូដជនជាតិអាមេរិក។ ម៉ាកនេះបានសហការជាមួយអ្នកច្នៃម៉ូដនៅទីក្រុងឡុងដ៍លោក Straytukay ដោយកាលពីខូឡិកហ្សិនរដូវកាលមុនម៉ូដមានលក្ខណៈប៉ោងដូចជាប៉េតប៉ោងសប់ខ្យល់។ ឯរដូវកាលថ្មីនេះ ម៉ូដស្បែកជើងមានលក្ខណៈកែងកវែងរឹបដល់ភ្លៅ និង មិនមានខ្យល់ប៉ោងដូចមុន។ ម៉ូដនេះត្រូវបានស្រង់ពីម៉ូដស្បែកជើង crystal Kiss heel ដែលជាស្ទីលប្រចាំរបស់ម៉ាក Rick Owens តែម្តង។
៤. ម៉ាក Walter Van Beirendonck
![](https://www.popular.com.kh/wp-content/uploads/2024/06/4-91.jpg)
សម្រាប់ម៉ូដស្បែកជើងនេះ ម៉ាក Walter Van Beirendonck ដែលមានស្ថាបនិកជាអ្នកច្នៃម៉ូដជនជាតិបែលហ្ស៊ិកបានផ្តោតទៅលើការប្រើពណ៌ លេងរូបរាង និង ភាពទន់របស់វា។ វាជាម៉ូដដែលប្រើចំណុចធំៗមកដាក់បញ្ចូលជាមួយស្បែកជើងឃ្លុប។ ភាពទាក់ភ្នែកនៃចំណុចបានធ្វើបែប 3D មើលទៅដូចដុំពក តែវាមិនបង្កហានិភ័យឡើយ៕