ស្រឡាញ់គ្នា ៨ ឆ្នាំ គូស្នេហ៍ Noona ធ្វើឱ្យមហាជនស្រឡាំងកាំង គាំងនិយាយមិនចេញ
អស់រយៈពេល ៨ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាថៃ Noona Nuengtida និង តារាប្រុស Joonior បានមានទំនាក់ទំនងគ្នាជាគូសង្សារ។ ក្នុងរយៈពេលដ៏យូរអង្វែងនេះ គេសង្កេតឃើញថាគូស្នេហ៍មួយគូនេះរមែងបង្ហាញភាពស្អិតល្មួតលើបណ្ដាញសង្គមមិនសូវជាដាច់ឡើយ រហូតនាំឱ្យមហាជនបន់ឱ្យពួកគេអាចកាន់ដៃគ្នាចូលរោងការឆាប់ៗទៀតផង។
តួយ៉ាង កាលពីពេលថ្មីៗ នេះ ស្រាប់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាប្រុស Joonior ចេញមក Surprise ឈុតធំលុតជង្គង់ហាក់ចង់បង្ហាញអារម្មណ៍សុំតារាស្រី Noona រៀបការអ៊ីចឹង តែនៅចុងក្រោយនៃវីដេអូធ្វើឱ្យមហាជនហួសចិត្តគ្រប់គ្នាព្រោះតារាប្រុស Joonior គ្រាន់តែលុតជង្គង់ចងស្បែកជើងឱ្យសង្សារប៉ុណ្ណោះ។ សម្រាប់តារាស្រី Noona ដំបូងក៏បង្ហាញអារម្មណ៍រំភើបដែរ តែចុងក្រោយហួសចិត្តខ្លាំង នឹកស្មានមិនដល់។
ងាកទៅមើលមហាជន នៃដើមវីដេអូម្នាក់ៗពិតជារំភើប តែក្រោយទស្សនាចប់ម្នាក់ៗអស់សំណើចគ្រប់គ្នា។ ទន្ទឹមនឹងនោះ មហាជនក៏យល់ថា នេះអាចជាការឱ្យដំរួយមួយ ដែលអ្នកទាំងពីរអាចនឹងឆាប់ៗនេះ ត្រៀមចូលរោងការមែនក៏ថាបាន។ លើកនេះ គ្រាន់តែការលេងសើច តែលើកក្រោយអាចនឹងមែនទែន៕