មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមហើយ ៣ ថ្ងៃនេះ នឹងរៀបចំនៅតំបន់សំខាន់ៗ ២ ក្នុងខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធហើយនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយពិធីបើកបានរៀបចំឡើងនៅសាលាបឋមសិក្សាពូលូង មានការចូលរួមពីអភិបាលរងខេត្ត, យូនីសេហ្វប្រចាំនៅកម្ពុជា, កម្ពុអ៊ែរ៉ា, ស្ថាប័នពាក់ព័ន្ធ និង ឡេឡេដំរី (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់ ដោយការចែកជូននូវកាដូរដល់សិស្សានុសិស្សផងដែរ។
ក្នុងនោះ ការរៀបចំក្នុងឆ្នាំនេះ គឺធ្វើឡើងដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោកក្រោមប្រធានបទ៖ «ការពង្រឺងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឱ្យមានភាពស្រស់បំព្រង»។
ជាការពិតណាស់ «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែរៀបចំនៅរាជធានីភ្នំពេញ ហើយឆ្នាំ ២០២៤ នេះ គឺជាឆ្នាំទីពីរហើយដែល «បុណ្យភូមិមានជើង» បានរៀបចំមហោស្រពដ៏អធិកអធម ដោយកាលពីឆ្នាំទីមួយ ពោលគឺឆ្នាំ ២០២៣ រៀបចំនៅក្នុងខេត្តក្រចេះ។
ម្យ៉ាងវិញទៀត ការរៀបចំ «បុណ្យភូមិមានជើង» នៅឯខេត្តរតនគិរីឆ្នាំនេះដែរ គឺបានផ្តោតសំខាន់ ទៅលើការផ្សព្ធផ្សាយ ប្រពៃណី វប្បធម៌ របស់បងប្អូនជាជាតិដើមភាគតិច និង សម្រស់ដ៏ស្រស់ស្អាតនៃទឹកដីដ៏សែនមនោរម្យនៅក្នុងខេត្តមណ្ឌលគិរី។
សូមបញ្ចាក់ថា «បុណ្យភូមិមានជើង» នៅខេត្តមណ្ឌលគិរីនឹងធ្វើឡើងរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៅតាមតំបន់ចំនួន ២ គឺ «សួនដំរីដែកខេត្តមណ្ឌលគិរី» និង «ភូមិជនជាតិដើមភាគតិច នៅជើងភ្នំដោះក្រមុំ»៕