តំបន់ទេសចរណ៍នានាពាសពេញពិភពលោក តែងតែទាក់ទាញចិត្តភ្ញៀវទេសចរទៅកាន់កន្លែងរបស់ខ្លួនជាមួយនឹងទិដ្ឋភាព ឬទេសភាពដែលមានភាពពិសេសខុសប្លែកពីកន្លែងកម្សាន្តដទៃៗ។ ជាក់ស្ដែងដូចជាតំបន់ទេសចរណ៍ទាំង ៨ ខាងក្រោមនេះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរជាខ្លាំងចំពោះទស្សនីយភាពដែលមានពណ៌ចម្រុះស្រស់ស្អាតប្លែករបស់ខ្លួន ។
១. កោះពណ៌ស្វាយ (Purple Island ប្រទេសកូរ៉េខាងត្បូង)
កោះពណ៌ស្វាយដ៏ល្បីមួយនេះ មានទីតាំងនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ។ ចំណុចនៃពណ៌ស្វាយដ៏ទាក់ទាញលើកោះនេះ ដោយសារតែវាមានដើមផ្កា Lavender ច្រើនជាង ៤ ម៉ឺនដើម រួមទាំងផ្កាចម្រុះច្រើនប្រភេទទៀត ដែលមានពណ៌ស្រដៀងគ្នានេះ ។ ជាមួយគ្នានេះដែរ ដើម្បីឲ្យសោភណ្ឌភាពកោះរឹតតែមានភាពទាក់ទាញ អ្នកនោះលើកោះបានធ្វើការលាបពណ៌ទៅលើផ្ទះ ផ្អាកសញ្ញា ឡាន និងស្ពានជាដើមជាមួយនឹងពណ៌ស្វាយទាំងអស់ ដែលមើលទៅពិតជាពោរពេញដោយក្ដីសុខខ្លាំងចំពោះអ្នកដែលចូលចិត្តនិងស្រឡាញ់ពណ៌មួយនេះ ។
២. បឹង Grand Prismatic Spring នៅសហរដ្ឋអាមេរិក
Grand Prismatic Spring គឺជាបឹងដ៏ធំបំផុតមួយក្នុងសហរដ្ឋអាមេរិក ដែលមានទីតាំងនៅឧទ្យានជាតិ Yellowston ។ បឹងមួយនេះ ទទួលបានការទាក់ទាញខ្លាំង ដោយសារតែវាមានពណ៌ចម្រុះជាច្រើនដូចជាពណ៌ក្រហម ទឹកក្រូច លឿង បៃតង និងខៀវ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងបំផុត ។
៣. ទីក្រុង Chefchaouen ប្រទេស Morocco
Chefchaouen ស្គាល់ឈ្មោះមួយទៀតថាជា ទីក្រុងខៀវ ដោយសារតែទេសភាពពាសពេញទីក្រុងមួយនេះគឺគ្របដណ្ដប់ដោយពណ៌ខៀវទាំងស្រុង ។ ផ្ទះនៅក្នុងទីក្រុងទាំងអស់ ត្រូវបានលាបពណ៌ខៀវ ប៉ុន្តែនៅរក្សាហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរបស់ខ្លួន ដែលមើលទៅខុសប្លែក លេចធ្លោបំផុត ។
៤. ភូមិ Cinque Terre ប្រទេសអ៊ីតាលី
Cinque Terre គឺជាដែនដីដ៏ល្បីល្បាញមួយប្រចាំប្រទេសអ៊ីតាលី ដែលទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ១៩៩៧ ។ ភូមិដ៏ស្រស់ស្អាតមួយនេះ លម្អដោយផ្ទះរាប់រយសាងសង់ជាប់ៗគ្នា ជាមួយនឹងការលាបពណ៌ផ្ទះលេចៗ មើលទៅប្រៀបដូចជាផ្ទាំងរូបគំនូរ ។
៥. ទន្លេ Cano Cristales ប្រទេស Colombia
ទន្លេ Cano Cristales គឺជាទន្លេដែលមានពណ៌ចម្រុះមួយ មានទីតាំងនៅឧទ្យានជាតិ Macarena ប្រទេស Colombia ។ ជាមួយនឹងផ្ទៃទឹកថ្លាដូចកញ្ចក់ ឆ្លុះដល់បាត បង្ហាញពីការប្ដូរពណ៌ចម្រុះខុសប្លែកៗពីគ្នាពីមួយខែទៅមួយខែជារៀងរាល់ឆ្នាំ ។ ទន្លេមួយនេះដែរ ក៏ត្រូវបានគេស្គាល់ថាជា «ទន្លេឥន្ធនូ» ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកកម្សាន្តទីនេះរៀងរាល់ឆ្នាំ ។
៦. ទីក្រុងចំណាស់ Bo-Kaap (Cape Town ប្រទេសអាហ្វ្រិកខាងត្បូង)
ទីក្រុងចំណាស់ជាមួយផ្ទះថ្មដ៏ស្រស់ស្អាត និងមានពណ៌ចម្រុះជាច្រើន មានទីតាំងស្ថិតនៅកណ្ដាលក្រុង Cape Town ។ ស្ថាបត្យកម្មនៃសំណង់អគារនីមួយៗក្នុងទីក្រុងនេះ មានលក្ខណៈបុរាណ ប៉ុន្តែលេចធ្លោជាខ្លាំង ដែលជាហេតុធ្វើឲ្យមានភាពទាក់ទាញចំពោះភ្ញៀវទេសចរតាមបណ្ដាប្រទេសនានាលើពិភពលោក ។
៧. ភូមិ Gamcheon ប្រទេសកូរ៉េខាងត្បូង
ភូមិ Gamcheon គឺជាភូមិបុរាណមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជាមួយនឹងទស្សនីយភាពនៃកូនផ្ទះតូចៗ ចម្រុះពណ៌ សាងសង់ជាប់ៗគ្នា ។ តាមប្រជាជននៅតំបន់នោះបាននិយាយថា រាល់រូបភាព និងការលាបពណ៌ទាំងអស់នៅទីនោះ សុទ្ធតែមានអត្ថន័យរបស់ពួកគេរៀងៗខ្លួន ។
៨. រូងភ្នំ Batu ប្រទេសម៉ាឡេស៊ី
រូងភ្នំ Batu គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសម៉ាឡេស៊ី ដែលកម្រមានអ្នកទេសចរណារំលងឡើយ ។ កន្លែងទេសចរណ៍មួយនេះ តែងតែទទួលបានការចូលទស្សនាពីភ្ញៀវប្រមាណ ៥០០០ នាក់ជារៀងរាល់ថ្ងៃ ។ អ្វីដែលទាក់ទាញបំផុត គឺកាំជណ្ដើរឥន្ធនូចំនួន ២៧២ កាំ រួមជាមួយនឹងរូបសំណាកនៃព្រះប្រចាំសាសនាហិណ្ឌូ ដែលមានពណ៌ចម្រុះប្លែកដែរនោះ ៕
ប្រភព៖ Kenh14