គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់ជាច្រើននៃរដ្ឋ California សហរដ្ឋអាមេរិក នៅតែមានសភាពធ្ងន់ធ្ងរមិនទាន់ថមថយនៅឡើយទេនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះ ហើយក៏រំពឹងថាកាន់តែអាក្រក់ជាងនេះទៀតក្នុងរយៈពេល ២ ថ្ងៃខាងមុខ ដោយសារតែអាកាសធាតុស្ងួត កម្រិតសំណើមធ្លាក់ចុះមកត្រឹម ១០% រីឯកម្លាំងខ្យល់បក់វិញអាចដល់ ១១២ គីឡូម៉ែត្រក្នុងមួយម៉ោង។
កាលពីសប្ដាហ៍មុន ភ្នាក់ងារអាកាសធាតុប្រចាំសហរដ្ឋអាមេរិកបានដាក់ចេញការព្រមានកម្រិតក្រហមពី «ស្ថានភាពគ្រោះថ្នាក់បំផុត» លើគ្រោះមហន្តរាយ និង ការគំរាមកំហែងអាយុជីវិតនេះ ជាមួយកម្លាំងខ្យល់បោកបក់អាចដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាការព្រមានដ៏ខ្លាំងបំផុតពីខាងភ្នាក់ងារអាកាសធាតុសហរដ្ឋអាមេរិក ដែលកម្រនឹងដាក់ចេញបំផុត។
ចំពោះដំណើរនៃខ្យល់បក់ខ្លាំងក្លាផ្សេងទៀតគឺរំពឹងថានឹងកើតមានឡើងនៅចន្លោះយប់ថ្ងៃទី ១៣ ខែមករា និង ថ្ងៃទី ១៥ ខែមករា ដែលអាចបណ្ដាលឱ្យភ្លើងឆេះព្រៃរាលដាលកើតឡើងថែមទៀត។ ក្នុងនោះដែរ ផ្សែងពីភ្លើងឆេះព្រៃក៏អាចបង្កជាការបំពុលអាកាសធាតុដ៏អាក្រក់ពាសពេញតំបន់នាក្រុង Los Angeles ផងដែរ ហើយស្ថានភាពនេះនឹងមិនថមថយប្រសើរវិញឡើយ លុះត្រាណាតែភ្លើងឆេះព្រៃទាំងនោះបានរលត់អស់ទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មនុស្សប្រមាណជាង ១០ ម៉ឺននាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ខណៈតំបន់ជាច្រើននៅក្រុង Los Angeles ជួបគ្រោះមហន្តរាយភ្លើងឆេះព្រៃរាលដាលទ្រង់ទ្រាយធំគួរឱ្យតក់ស្លុតបំផុត។ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅ Los Angeles នេះដែរក៏បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ១៦ នាក់ ខណៈច្រើននាក់ផ្សេងទៀតរងរបួស និង បាត់ខ្លួន៕
ប្រភព៖ Kenh14