ក្មេងប្រុសអាយុ ១២ ឆ្នាំ ញ៉ាំតែប៊ឺហ្គឺរ និង ដូណាត់ជាប្រចាំ រហូតបាត់បង់ការមើលឃើញ ព្រោះខ្វះវីតាមីន
សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់ក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់ ដែលរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដោយគេកើតមានជំងឺចម្លែក ចេះតែខ្លាចអាហារ មិនចង់ញ៉ាំអ្វីក្រៅពីប៊ីហ្គឺ និង នំដូណាត់។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះ ជាក្មេងមានជំងឺអូទីស្សឹម ហើយជាក្មេងដែលរើសអាហារខ្លាំងណាស់ មិនចូលចិត្តសាកល្បងអាហារថ្មីៗឡើយ ដោយគេចូលចិត្តញ៉ាំតែប៊ឺហ្គឺ និង នំដូណាត់ជាប្រចាំ។ លុះដល់ថ្ងៃមួយក្មេងប្រុសរូបនេះក៏បានបាត់បង់ការមើលឃើញយ៉ាងទាន់ហន់ ដែលធ្វើឱ្យក្រុមគ្រួសារក៏បានបញ្ជូនទៅព្យាបាល ហើយគ្រូពេទ្យក៏បានវិនិច្ឆ័យថា គេបានបាត់បង់ការមើលឃើញដោយសារតែខ្វះវីតាមីន A, C, D និង ស័ង្កសី យ៉ាងធ្ងន់ធ្ងរ ព្រោះតែការបរិភោគអាហារមិនមានជីវជាតិ។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថាក្មេងប្រុសរូបនេះអាចប្រឈមនឹងការបាត់បង់ការមើលឃើញទៅជារៀងរហូត ព្រោះតែយឺតពេលណាស់ទៅហើយក្នុងការព្យាបាល និង ឱ្យគេទទួលទានជីវជាតិអាហារឡើងវិញ។ ដោយឡែកគ្រូពេទ្យបានបន្តឱ្យដឹងថា កុមារដែលមានជំងឺអូទីស្សឹម អាចមានជំងឺ ARFID ដែលជាការពិបាកទទួលទានអាហារ ដោយខ្លាចចំពោះពណ៌ រសជាតិ និង ក្លិនរបស់វា៕