ទម្លាយប្រវត្តិការសិក្សា និង ជំនាញពិសេសៗរបស់រាជបុត្ររូបសង្ហា Abdul Mateen បុត្រាស្តេចប្រ៊ុយណេ
មួយរយៈក្រោយនេះគេហាក់សង្កេតឃើញថា ព្រះអង្គម្ចាស់រូបសង្ហាប្រចាំប្រ៊ុយណេ Abdul Mateen បានឆក់យកចិត្តអ្នកគាំទ្រជាខ្លាំង ជាពិសេសពីសំណាក់នារីៗ ព្រោះតែទ្រង់ប្រៀបដូចជារាជបុត្រជិះសេះសដែលមានរូបរាងសង្ហា និង មានប្រវត្តិការសិក្សាមិនធម្មតានោះ បន្ទាប់ពីទ្រង់បានបង្ហាញព្រះកាយអមដំណើរបិតាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា។
ព្រះអង្គម្ចាស់ Abdul Mateen ត្រូវជាបុត្ររបស់ព្រះរាជា Hassanal Bolkiah ដែលបច្ចុប្បន្នមានព្រះជន្ម ៣១ ព្រះវស្សា។ ក្រៅពីរូបរាងសង្ហា បើងាកមកដឹងពីប្រវត្តិសិក្សាវិញ ព្រះរាជបុត្រ Abdul Mateen គឺជាសិស្សឆ្នើមមួយរូបដែលបានបញ្ចប់ការសិក្សាមកពីសាលាល្បីឈ្មោះលំដាប់កំពូល ២ ប្រចាំប្រទេសប្រ៊ុយណេ គឺសាកលវិទ្យាល័យ Paduka Seri Begawan Sultan Science College និងសាលាអន្ដរជាតិ Jerudong International School។
ក្រោយមកទ្រង់បានបន្ដការសិក្សាថ្នាក់បរិញ្ញាបិត្រសិល្បៈ និង នយោបាយអន្ដរជាតិនៅឯសាកលវិទ្យាល័យ King’s College London ក្នុងទីក្រុងឡុងដ៍។ មិនត្រឹមតែប៉ុណ្ណោះ ទ្រង់បានបន្ដការសិក្សាយកថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈក្នុងការសិក្សាអន្ដរជាតិ និង ការទូត នៅឯសាកលវិទ្យាល័យ SOAS Universtiy of London ទៀតផង។
ក្រៅពីសិក្សាមុខជំនាញទាំងនេះ ព្រះអង្គម្ចាស់ Abdul Mateen បានចូលហ្វឹកហាត់ក្នុងជួរកងទ័ព Royal Military Academy Sandhurst ហើយទទួលបានឋានន្តរស័ក្តិជាអនុសេនីយ៍ទោនៅឆ្នាំ ២០១១ ក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនាយទាហាន នៅចក្រភពអង់គ្លេស។ ក្រោយមកនៅឆ្នាំ ២០១២ ទ្រង់ត្រូវបានគេដំឡើងឋានៈជាអនុសេនីយឯក។
ដោយមានក្ដីស្រមៃចង់ក្លាយជាអ្នកបើកយន្ដហោះ ព្រះអង្គម្ចាស់ Abdul Mateen បានចុះឈ្មោះរៀនវគ្គខ្លីនៅឯសាលា Royal Air Force Cranwell ដែលហៅកាត់ថា RAF Cranwell នៅចក្រភពអង់គ្លេស រយៈពេល ៧ ខែ មុនទទួលបានការទទួលស្គាល់ពីសាលាថា ទ្រង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកបើកឧទ្ធម្ភាគចក្រ។ ការហ្វឹកហាត់នេះចំណាយរយៈពេលខ្លី ដោយគេសន្និដ្ឋានថាមូលហេតុអាចបណ្ដាលមកពីព្រះបិតាទ្រង់មានឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ដែលជាហេតុធ្វើឱ្យទ្រង់ងាយស្រួលក្នុងការអនុវត្ត និង ហ្វឹកហាត់ជាខ្លាំង៕