កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានគ្រោះថ្នាក់ដ៏កម្រមួយបានកើតមានឡើងនៅប្រទេសប្រស៊ីល ដោយមានសត្វពស់ថ្លាន់យក្សមួយក្បាលជួបគ្រោះអកុសលត្រូវបានឡានកិនពេលកំពុងវារកាត់ផ្លូវ បណ្ដាលឱ្យបែកធ្លាយពោះងាប់នៅនឹងកន្លែង។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញសត្វពស់ថ្លាន់យក្សប្រវែងជា ៥ ម៉ែត្របានងាប់នៅលើដងផ្លូវទាំងពោះរបស់វាត្រូវបានផ្ទុះធ្លាយខ្ទេចខ្ទី។ តាមព័ត៌មានបានឱ្យដឹងថា សត្វពស់មួយក្បាលនោះគឺកំពុងពពោះជិតដល់ថ្ងៃកើតទៅហើយ តែបែរជាមកត្រូវជួបគ្រោះថ្នាក់បែបនេះ។ តាមឱ្យដឹង ពស់មួយក្បាលនោះមានកូនសរុបប្រមាណជា ៤០ ក្បាលដោយត្រូវងាប់ទាំងអស់ជាមួយនឹងមេរបស់វា។
គួរបញ្ជាក់ថា សត្វពស់ថ្លាន់យក្សដែលប្រទះឃើញងាប់នេះត្រូវបានឱ្យដឹងថាជាពស់ពូជអាណាខន់ដាបៃតង (green anaconda) ដែលអំបូរសត្វពស់ធំជាងគេបំផុតលើពិភពលោក អាចមានប្រវែងរហូតដល់ ៨ ម៉ែត្រ និង ទម្ងន់រហូតដល់ ១០០ គីឡូក្រាម។ ភាគច្រើននៃសត្វពស់គឺកើតកូនជាពង ប៉ុន្តែពពួកអាណាខន់ដា គឺស្ថិតក្នុងប្រភេទ viviparous ដែលមានន័យថាពួកវាពពោះរួចកើតចេញជាកូនតែម្ដង៕