ដុំពេជ្រធំជាងគេបំផុតលើពិភពលោក ទម្ងន់ជាង ២ ពាន់ការ៉ាត់ ត្រូវបានរកឃើញក្នុងប្រទេសបុតស្វាណា
ដុំពេជ្រធំជាងគេបំផុតមិនធ្លាប់មានជាងមួយសតវត្សរ៍មកនេះ ត្រូវបានរុករកឃើញក្នុងអណ្ដូងរ៉ែមួយនៅប្រទេសបុតស្វាណា ដោយរូបរាងនៃដុំពេជ្រដ៏ធំប៉ុនប្រអប់ដៃមួយនេះត្រូវបានលោកប្រធានាធិបតីប្រចាំប្រទេសលើកអួតបង្ហាញទៅកាន់ពិភពលោក កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។
តាមការបញ្ជាក់ពីខាងរដ្ឋាភិបាលប្រទេសបុតស្វាណាបានឱ្យដឹងថា ដុំពេជ្រដ៏ធំនេះដែរមានទម្ងន់រហូតដល់ ២៤៩២ ការ៉ាត់ ដែលជាដុំពេជ្រធំជាងគេបំផុតទី ២ ដែលរកឃើញបន្ទាប់ពីដុំពេជ្រដ៏ធំបំផុតលើកដំបូងរកឃើញតាំងពីឆ្នាំ ១៩០៥។ ដុំពេជ្រដែលមិនទាន់បានដាក់ឈ្មោះនេះដែរ ត្រូវបានលោកប្រធានាធិបតី Mokgweetsi Masisi លើកបង្ហាញទៅកាន់ពិភពលោក ដោយទម្ងន់គិតជាគីឡូប្រមាណជាកន្លះគីឡូ ឯទំហំវិញគឺសឹងប៉ុនប្រអប់ដៃ។
ចំពោះតម្លៃនៃពេជ្រមួយដុំធំនេះវិញ ខាងការិយាល័យរដ្ឋាភិបាលនៅមិនទាន់បានកំណត់នៅឡើយនោះទេ ប៉ុន្តែកាលពីឆ្នាំ ២០១៦ ដុំពេជ្រដែលមានទំហំតូចជាងនេះរកឃើញក្នុងអណ្ដូងរ៉ែតែមួយនេះ ដាក់លក់បានក្នុងតម្លៃរហូតដល់ ៦៣ លានដុល្លារឯណោះ។
ប្រទេសបុតស្វាណា ជាប្រទេសមួយនោភាគខាងជើងទ្វីបអាហ្វ្រិកមានប្រជាជនសរុបចំនួន ២.៦ លាននាក់។ ប្រទេសនេះដែរចាត់ទុកជាប្រទេសធំបំផុតទី ២ បន្ទាប់ពីរុស្ស៊ី ដែលសម្បូរទៅដោយរ៉ែពេជ្រធម្មជាតិ៕
ប្រភព៖ 9GAG