មិនសំងំទៀត! Jennie លេងធម៌ក្ដៅ ចាត់ការតាមផ្លូវច្បាប់លើបុរសម្នាក់បន្លំខ្លួនថាជាឪពុកនាង
ក្រុមហ៊ុន OA Entertainment បានចេញលិខិតប្រកាសផ្លូវការមួយ ដោយព្រមានលើជនបន្លំខ្លួនម្នាក់ដែលអះអាងថាជាឪពុករបស់តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK។
គួររំឭកថា កាលពីពេលថ្មីៗកន្លងទៅ អ្នកគាំទ្រជាច្រើននាំគ្នាមានការយល់ច្រឡំក្រោយសារព័ត៌មានមួយបានចេញផ្សាយថាបុរសម្នាក់អះអាងថាជាឪពុករបស់ Jennie បានបោះពុម្ពចេញផ្សាយសៀវភៅមួយក្បាល។
ដើម្បីបញ្ឈប់ការយល់ច្រឡំនេះ និង ដើម្បីកុំឱ្យរឿងរ៉ាវកាន់តែវែងឆ្ងាយទៅ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ខាងផលិតកម្ម OA Entertainment បានចេញលិខិតបញ្ជាក់ដោយលិខិតនោះរៀបរាប់ថា៖
«សួស្ដី! នេះគឺផលិតកម្ម OA Entertainment។ ជាដំបូង ពួកយើងសុំសម្ដែងការអរគុណចំពោះអ្នកគាំទ្រដែលតែងស្រឡាញ់ និង គាំទ្រ Jennie កន្លងមក។ ថ្មីៗនេះ មានការបោះពុម្ពមិនស្របច្បាប់មួយដែលបង្កប់រឿងរ៉ាវមិនពិត ដោយសរសេរដោយបុគ្គលក្លែងបន្លំម្នាក់ដែលអះអាងថាជាឪពុក Jennie ក៏ដូចជាសារព័ត៌មានមួយចំនួនបានចេញផ្សាយចែកចាយបន្តព័ត៌មានមិនពិតនេះ។ ពួកយើងសុំមកបំភ្លឺថា រាល់អ្វីដែលបានរៀបរាប់ខាងលើគឺសុទ្ធតែជារឿងមិនពិត ហើយការងារបោះពុម្ពផ្សាយនោះក៏មិនមានពាក់ព័ន្ធជាមួយតារាក្រោមផលិតកម្មយើងដែរ។ សូមកុំនាំគ្នាទិញការចេញផ្សាយខុសច្បាប់នេះ ជៀសវាងជួបការខូចខាតផ្សេងៗ។ ពួកយើងបានឈានដល់ដំណាក់កាលដាក់ពាក្យបណ្ដឹងលើជនដែលចែកចាយការងារនោះហើយពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ និង រារាំងលើអាជីវកម្ម។ លើសពីនេះ ពួកយើងសុំសង្កត់ធ្ងន់បន្ថែមថា វិធានការច្បាប់ដ៏ខ្លាំងក្លានឹងធ្វើឡើងដាក់ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធសិល្បកររបស់យើងដោយក្នុងចេតនាបរិហារកេរ្តិ៍ បៀតបៀនផ្លូវភេទ និង ការបង្កាច់បង្ខូចព្យាបាទ។ សកម្មភាពទាំងនោះគឺជាទង្វើខុសច្បាប់ ហើយនឹងបន្តចាត់ការតាមច្បាប់នៅពេលណាដែលប្រមូលភស្តុតាងបានអស់។ ពួកយើងសន្យាថានឹងនៅបន្តខិតខំការពារសិទ្ធិរបស់សិល្បករយើង។ អរគុណ»៕
ប្រភព៖ Allkpop