ជំងឺស្រឡទែនឆ្លងលឿនណាស់ បើផ្ទះមានស្ត្រីពពោះ គួរប្រុងប្រយ័ត្ន ព្រោះអាចគ្រោះថ្នាក់រហូតដល់រលូត
ប៉ុន្មានខែចុងក្រោយនេះ ឃើញថាជំងឺស្រឡទែន ឬ ជាភាសាអង់គ្លេសហៅថា Mumps បានកើតឡើងច្រើនទៅលើមនុស្សគ្រប់វ័យ។ ជាពិសេស ស្ត្រីពពោះមានប្រព័ន្ធភាពសុំាខ្សោយ ងាយប្រឈមកើតលឿនបំផុត។
ពេលឆ្លងមេរោគស្រឡទែន ស្ត្រីពពោះនឹងមានរោគសញ្ញាវិវឌ្ឍលឿន ហើយក៏គ្រោះថ្នាក់ជាងអ្នកធម្មតា។ ជាទូទៅ រោគសញ្ញាបង្ហាញឡើងរួមមាន៖ ឡើងកំដៅខ្លួន ៣០-៤០ អង្សា, ឈឺក្បាល, អស់កម្លាំង, ឈឺបំពង់-ក និង ហើម tonsils ដែលជាក្រពេញតូចៗពីរស្ថិតនៅផ្នែកម្ខាងនៃបំពង់ក។ វាធ្វើឱ្យហើមថ្ពាល់ម្ខាង ឬ សងខាង ពិបាកដល់ការហាមាត់ ឬ ទំពាអាហារ។
តាមការលើកឡើងពីគ្រូពេទ្យជំនាញ ការកើតជំងឺស្រឡទែនអំឡុងពពោះ អាចបង្កជាគ្រោះថ្នាក់ ដែលផ្តល់ផលវិបាកច្រើនយ៉ាងចំពោះម្តាយ និង កូនក្នុងផ្ទៃ។ ជំងឺនេះអាចកើតឡើងគ្រប់ដំណាក់កាលនៃការពពោះ។ បើស្ត្រីឆ្លងអំឡុងពពោះ ៣ ខែដំបូង ស្ត្រីអាចប្រឈមរលូត និង កូនកើតមកមិនប្រក្រតី។ បើឆ្លងនៅអំឡុង ៣ ខែមុនពេលសម្រាល ស្ត្រីនឹងមានភាគរយខ្ពស់សម្រាលកូនមិនគ្រប់ខែ។
ដូចនេះ នៅពេលមានរោគសញ្ញាណាមួយកើតឡើង ស្ត្រីចាំបាច់ប្រញាប់ទៅជួបគ្រូពេទ្យឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យ និង ប្រើវិធីសម្រួលអាការគ្រុនក្តៅ ក្អក និង ហើម ដើម្បីប្រាកដថា ម្តាយ និង កូនក្នុងផ្ទៃមានសុវត្ថិភាព។ មួយវិញទៀត ដើម្បីធានាមិនប៉ះពាល់សុខភាព ក្រោយពេលធូរស្បើយ ស្ត្រីចាំបាច់ទៅឆែកសុខភាពនៅសប្តាហ៍ទី ១២ សប្តាហ៍ទី ២២ និង សប្តាហ៍ទី ៣២។ គួរចងចាំថា ពេលរោគសញ្ញាកើតឡើង ស្ត្រីចាំបាច់ទៅជួបគ្រូពេទ្យ ជៀសវាងការលេបថ្នាំព្យាបាលដោយខ្លួនឯង៕