ភ្ញាក់ផ្អើល! តារាសម្ដែង Porshe សម្រេចចិត្តទៅបួសនៅឆ្នាំក្រោយ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Porshe Saran Sirilak តារាប្រុសដែលមានពហុជំនាញ ជាអ្នកបង្ហាញម៉ូត តារាចម្រៀង ហើយក៏ជាតារាសម្តែងមានប្រជាប្រិយមួយរូបប្រចាំប្រទេសថៃ មានស្នាដៃរឿងល្បីៗជាច្រើន។
ខណៈពេលដែលកំពុងមមាញឹកជាមួយការងារថតរឿងថ្មីៗបន្តកន្ទុយគ្នាមិនដាច់ Porshe បានបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលមួយមកកាន់អ្នកគាំទ្រ ថាលោកមានគម្រោងចង់ទៅបួសនៅឆ្នាំក្រោយ។
Porshe បានរៀបរាប់ឱ្យដឹងថា៖ «ឆ្នាំក្រោយ ខ្ញុំតាំងចិត្តថា នឹងបួសនៅក្នុងខែកុម្ភៈ តែនៅមានការងារថតរឿងភាគរបស់បង Chod មួយទៀត ដែលត្រូវបំពេញ។ ចឹងត្រូវចាំថតរឿងនេះឱ្យចប់សិន បើមិនមានការយឺតយ៉ាវ អាចនឹងធ្វើតាមគម្រោង តែបើមានបញ្ហាផ្សេងៗចប់ពេលណាក៏បួសពេលហ្នឹង»។
«មូលហេតុនៃការបួសនេះ គឺដើម្បីសងគុណម្ដាយខ្ញុំ ហើយក៏ជាសំណូមពរតែមួយពីគាត់តាំងពីធំដឹងក្ដីមក គាត់សុំខ្ញុំយូរមកហើយ ហើយខ្ញុំក៏តាំងចិត្តថា នឹងបួសឱ្យបានម្ដងក្នុងជីវិតនេះដើម្បីគាត់។ ហើយបើបួសខ្ញុំអាចនឹងបួសរយៈពេលចន្លោះពី ៣ សប្តាហ៍ទៅ ១ ខែ។ ម្យ៉ាង ខ្ញុំធ្លាប់ទៅសាកល្បងរៀនធ្វើសមាធិជាមួយម៉ែជាង ១០ ថ្ងៃនៅខេត្ត Udon»។
«ទីតាំងបួស អាចនឹងនៅវត្តដែលខ្ញុំធ្លាប់ទៅធ្វើសមាធិ ព្រោះធ្លាប់បានសាកសួរព្រះសង្ឃដែលនៅទីនោះខ្លះៗហើយដែរ។ យ៉ាងណាមិញខ្ញុំនឹងលម្អិតបន្ថែមនៅពេលក្រោយ ចំពោះអារម្មណ៍ខ្ញុំបន្ទាប់ពីសមាធិគឺល្អណាស់ ធ្វើឱ្យយើងរៀនចេះដឹងពីផ្នែកផ្សេងមួយទៀតនៃជីវិត និងសាសនា ហើយក៏ធ្វើឱ្យចិត្តយើងស្ងប់ និងជ្រះថ្លាជាងមុនដែរ»៕