ចេះតែស្អុយមាត់ខុសធម្មតា ទៅរកពេទ្យពិនិត្យមើល ស្រាប់តែឃើញសត្វកន្លាតង-ាប់នៅក្នុងបំពង់ខ្យល់
ពិតជារឿងរ៉ាវមួយដ៏គួរឱ្យហួសចិត្តណាស់ ដែលបុរសជនជាតិចិនម្នាក់ចេះតែស្អុយមាត់ និង ក្អកមកចេញស្លេសខុសធម្មតា ដល់ទៅពេទ្យពិនិត្យមើល ទើបដឹងថាមានសត្វកន្លាតនៅក្នុងបំពង់ខ្យល់។
បុរសរូបនេះ មានវ័យ ៥០ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា នៅយប់មួយខ្លួនកំពុងដេកសុខៗ ស្រាប់តែមានអារម្មណ៍ថាមានអ្វីវារចូលទៅក្នុងរន្ធច្រមុះ ហើយចូលទៅក្នុងបំពង់ក ពេលនោះខ្លួនខំប្រឹងក្អកឱ្យវាចេញមក ប៉ុន្តែដល់ក្អកហើយមិនឃើញអ្វី ក៏បានដេកតវិញទៅ។ ៣ ថ្ងៃក្រោយមក ក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនមានក្លិនមាត់ស្អុយខុសធម្មតា ថែមទាំងក្អកមានស្លេសពណ៌លឿងចម្លែក ទើបសម្រេចចិត្តទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ ខាងគ្រូពេទ្យជំនាញត្រចៀក ច្រមុះ និង បំពង់ក បានធ្វើការពិនិត្យមើល ប៉ុន្តែមិនឃើញមានអ្វីឡើយ ទើបខាងអ្នកជំនាញផ្លូវដង្ហើមចូលពិនិត្យដោយការធ្វើ CT Scan ទើបឃើញមានអ្វីម្យ៉ាងនៅក្នុងបំពង់ខ្យល់។ ខាងអ្នកជំនាញបានទាញយករបស់នោះចេញមក ទើបដឹងថាវាគឺជាសត្វកន្លាត ហើយគេក៏បានធ្វើការសម្អាតបំពង់ខ្យល់ដោយបានព្យាយាមយកស្លេសចេញ ដែលចុងក្រោយក្លិនស្អុយក៏បានបាត់ ហើយបុរសខាងលើក៏បានត្រឡប់ទៅផ្ទះវិញជាផ្ទះ៕