កំលោះថ្គាមខ្លា នូ ឧសភា មិនខ្លាចឈឺសាច់ទៅចាក់សាក់ថ្មីពេញខ្នង ជារូបតួល្ខោនខោលខ្មែរ
ក្រឡេកមកមើលក្នុងវិស័យសិល្បៈវិញ មហាជនអ្នកគាំទ្រក៏បានសង្កេតឃើញថា មានសិល្បករ-ការិនី ជាច្រើន ក៏បានជ្រើសរើសការសាក់លើសាច់របស់ខ្លួន ដោយជ្រើសរើសរូបភាព សញ្ញា និង អក្សរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយរូបភាព សញ្ញា និង អក្សរទាំងនោះ ក៏ខ្លះមានអត្ថន័យសម្រាប់ពួកគេទៀតផង។ ជាងនេះទៅទៀត បើនិយាយពីតារាចម្រៀង និង សម្តែងយុវវ័យនាពេលបច្ចុប្បន្ន ស្នាមសាក់ក៏ជាផ្នែកមួយនៃភាពទាក់ទាញរបស់ពួកគេម្យ៉ាងដែរ។
តួយ៉ាង លោក នូ ឧសភា ជាតារាចម្រៀង និង តារាសម្តែងកំពុងទទួលបានប្រជាប្រិយ និង ស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជាច្រើននោះ ក៏មិនខុសប្លែកពីតារាៗមួយចំនួននោះទេ ក៏ព្រោះនៅលើដងខ្លួនរបស់លោក មានស្នាមសាក់ជាច្រើនកន្លែងផងដែរ ហើយស្នាមសាក់ទាំងនោះ គឺសុទ្ធសឹងតែមានន័យបង្កប់យ៉ាងជ្រាលជ្រៅសម្រាប់លោក ។
កន្លងមកលោក នូ ឧសភា ធ្លាប់ប្រាប់រួចមកហើយថា ការសាក់ក៏ជាផ្នែកមួយនៃការបន្ធូរភាពតានតឹងក្នុងអាម្មណ៍របស់លោក ដែលជាហេតុលើដងខ្លួនលោកមានស្នាមសាក់ស្ទើគ្រប់កន្លែង។
យ៉ាងណា ថ្មីៗនេះ លោក នូ ឧសភា ក៏បានធ្វើការសាក់បន្ថែមទៀតពាសពេញខ្នងរបស់លោក ដោយការសាក់លើកនេះ លោកបានបង្ហាញនូវរូបល្ខោនខោល ដែលជាផ្នែកមួយនៃការស្រឡាញ់ និង ការបង្ហាញពីវប្បធម៌ខ្មែរក្នុងនាមជាសិល្បករកម្ពុជាមួយរូប៕