ល្បីរឿងស្វាមី Chompoo មានស្រីកំណាន់ ស្រាប់តែ ពេជ្រ សូលីកា លើកពីខ្លួនឯងយ៉ាងចាក់ដោត
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកនិយមតាមដានពីជីវិតឯកជនរបស់តារាល្បីៗថៃ បានជ្រាបហើយជុំវិញរឿងរ៉ាវគ្រួសាររបស់កំពូលតារាស្រី Chompoo Araya ដែលកំពុងផ្ទុះរឿងចចាមរ៉ាមថានាងត្រូវបានស្វាមីជាទីស្រឡាញ់ក្បត់ចិត្តលួចចិញ្ចឹមស្រីក្មេង។
ជុំវិញរឿងចចាមរ៉ាមក្នុងគ្រួសាររបស់ Chompoo Araya នេះ ដ្បិតតែមិនទាន់ដឹងច្បាស់ថាពិត ឬយ៉ាងណាមែន ប៉ុន្តែបើប្រឡេកមើលមកលើបណ្ដាញសង្គមខ្មែរ កំពុងត្រូវបានមហាជនអ្នកលេងហ្វេសប៊ុក TikTok ជាច្រើនស៊ែរចែករំលែក និង បញ្ចេញមតិរៀងៗខ្លួនព្រោងព្រាត។
ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅគគុក អ្វីដែលធ្វើឱ្យមហាជនខ្មែរកំពុងចាប់អារម្មណ៍ខ្លាំងនោះ ក្រោយគេបានឃើញតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់នាង បង្ហាញពីមតិរបស់ខ្លួនភ្ជាប់ជាមួយរឿងរ៉ាវផ្ទាល់ខ្លួនថា ៖ «Chompoo Araya នៅគេក្បត់ ចុះទម្រាំ Pich Solikah ដូចយើង»។
ពិតណាស់ បើរឭកដល់រឿងរ៉ាវរបស់តារាស្រី ពេជ្រ សូលីកា មហាជនអ្នកគាំទ្រដែលបានតាមដានជីវិតឯករបស់នាងបានជ្រាបហើយថាកន្លងទៅ អ្នកនាងបានជួបនឹងរឿងរ៉ាវព្យុះភ្លៀងជីវិត និង ការខកចិត្តជាច្រើន ហើយរឿងដែលធ្វើឱ្យតារាចម្រៀងរូបនេះឈឺចាប់ និង ខកបំណងខ្លាំងនោះ គឺជីវិតគ្រួសារបែកបាក់រហូតនាងស្ពាយឈ្មោះមេម៉ាយកូនមួយទាំងវ័យក្មេង៕