បាត់មុខយូរ លី លានជា ប្រែជាក្មេងជាងវ័យ ស្ទើរមិនគួរឱ្យជឿ
បើងាកទៅកាលពីប៉ុន្មានឆ្នាំមុន តារាសម្ដែង Jet Li ដែលមហាជនខ្មែរស្គាល់ថាជា «លី លានជា» នោះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបភាពមួយសន្លឹករបស់លោក បង្ហាញឱ្យឃើញពីភាពចាស់ទ្រុឌទ្រោម ស្បែកជ្រីវជ្រួញ ប្រៀបបីដូចជាបុរសវ័យចំណាស់ ៨០ ឆ្នាំ។ រូបភាពនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រ កើតក្ដីបារម្ភជាខ្លាំងចំពោះសុខភាពរបស់លោក។
ទោះជាយ៉ាងណា ក្រោយរូបភាពត្រូវបានចែកចាយ និង ផ្ទុះចចាមអារ៉ាមថា លោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៀតនោះ បានធ្វើឱ្យតារាប្រុសរូបនេះ ចេញមុខមកបញ្ជាក់ជាសាធារណៈថា រូបលោកគឺមានសុខភាពល្អធម្មតានោះទេ មិនដល់ថ្នាក់ត្រូវអង្គុយរទេះរុញ ឬ ត្រូវគេគ្រៀកដើរទៅណាមកណាដូចចចាមអារ៉ាមនោះឡើយ ដោយរូបភាពដែលថតបាននោះ គឺអំឡុងពេលដែលលោក ចូលរួមសំណេះសំណាល និង ហ្វឹកហាត់សិល្បៈគុណបុរាណនៅឯទីបេ។
ចាប់តាំងពីពេលនោះមក លី លានជា បានហាក់ស្ងប់ស្ងាត់ឈឹងលើវិថីសិល្បៈភាពយន្ត មិនដែលលេចឮដំណឹងរបស់លោកនោះឡើយ រហូតមកដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសវ័យ ៥៩ ឆ្នាំរូបនេះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ក្រោយរូបលោកបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនី Instagram ផ្ទាល់ខ្លួន។
រូបភាពទាំងនោះដែរ គឺជារូបភាពរបស់លោក និង កូនស្រីពៅ Jada ដែលបានធ្វើដំណើរកម្សាន្តទៅសាធារណរដ្ឋឆេកជាមួយគ្នា។ ដោយឡែកអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺថា វត្តមានរបស់ លី លានជានាពេលថ្មីៗនេះ គឺមានសភាពខុសគ្នាឆ្ងាយពីសភាពលោកកាលពីប៉ុន្មានឆ្នាំមុនស្ទើរតែទាំងស្រុង ដោយលោកពេលនេះ គឺមានរូបរាងមាំទាំ ក្មេងជាងវ័យ ប្រៀបដូចស្ថិតក្នុងវ័យជាង ៣០ ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងបំផុត៕