មិនមែនលំៗទេ! លោកយាយវ័យ ៨១ ឆ្នាំ ចូលប្រកួតដណ្ដើមមកុដ Miss Universe កូរ៉េ ២០២៤
លោកយាយ Choi Soon Hwa ជាតារាម៉ូដែលវ័យ ៨១ ឆ្នាំ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយលោកយាយបានបង្ហាញវត្តមានយ៉ាងស្វាហាប់ជឿជាក់ក្នុងនាមជាបេក្ខភាពមួយរូបចូលរួមប្រកួតដណ្ដើមមកុដ Miss Universe Korea ២០២៤។
តាមសារព័ត៌មាន Bastille Post បានឱ្យដឹងថា លោកយាយ Choi Soon Hwa គឺជាបេក្ខភាពដែលមានវ័យចំណាស់ជាងគេបំផុតក្នុងការប្រកួតសម្រស់ឆ្នាំនេះ។ លោកយាយបានឱ្យដឹងថា ដោយសារតែការប្រកួត Miss Universe លែងមានការកំណត់អាយុទៀត ទើបលោកយាយចាប់យកឱកាសមួយនេះចូលរួមប្រកួត ហើយកូនៗលោកយាយក៏គាំទ្រខ្លាំងក្លាណាស់ដែរ។
គួរឱ្យដឹងផងដែរថា លោកយាយ Choi Soon Hwa ធ្លាប់មានអាជីពជាពេទ្យស្រីប្រចាំមន្ទីរពេទ្យមួយកន្លែង។ ក្រោយចូលនិវត្តន៍ លោកយាយក៏ចាប់ចូលរៀនវគ្គបង្ហាត់ដើរបង្ហាញម៉ូដ ហើយក៏ក្លាយជាម៉ូដែលអាជីពនៅវ័យ ៧៧ ឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ លោកយាយបានដើរម៉ូដ ថតម៉ូដឱ្យទស្សនាវដ្តី រួមទាំងប្រេនសម្លៀកបំពាក់ជាច្រើន។
លោកយាយ Choi Soon Hwa បានរៀបរាប់ពាក្យពេចន៍យ៉ាងមានន័យទៀតថា៖ «ខ្ញុំចង់ឈានជើងដើរចេញពី comfort zone ហើយធ្វើការងារអ្វីដែលខ្ញុំស្រឡាញ់។ អរគុណផ្នត់គំនិតទាំងនេះហើយទើបធ្វើឱ្យខ្ញុំសកម្ម និង ជឿជាក់លើខ្លួនឯងបែបនេះ»។
កម្មវិធីប្រកួតសម្រស់ Miss Universe Korea ឆ្នាំ ២០២៤ នេះ គឺមិនមានកំណត់អាយុ ឬ ទម្ងន់អ្វីនោះឡើយ។ អ្នកនៅលីវ អ្នករៀបការមានកូនរួចក៏អាចដាក់ពាក្យចូលប្រកួតដូចគ្នា។ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងក្នុងក្រុងសេអ៊ូល នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ៕
ប្រភព៖ VN Express