កុំថាតែហ្វេន សូម្បី Son Ye Jin ក៏ ship គូស្នេហ៍ Kim Soo Hyun-Kim Ji Won ដែរ ក្រោយធ្វើទង្វើមួយនេះលើ IG
កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងស្រី Son Ye Jin បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញតារាស្រីរូបនេះ ធ្វើការចុចតាមដានគណនីមួយលើបណ្ដាញសង្គម Instagram។
តាមឱ្យដឹង គណនីដែលតារាស្រី Son Ye Jin ចុចតាមដានភ្លាមៗនោះ គឺជាគណនីដែលបង្ហោះ ship តារាសម្ដែង Kim Soo Hyun និង Kim Ji Won ឱ្យស្រឡាញ់គ្នាមែនទែន។ ជាក់ស្ដែង ក្នុងគណនីនោះ គឺតែងតែបង្ហោះរូបភាពពាក់ព័ន្ធនឹង Kim Soo Hyun ហើយ Kim Ji Won ជានិច្ច ជាពិសេសសូម្បីតែរូប profile ក៏ដាក់រូបតារាទាំងពីរូបនោះដែរ។
សកម្មភាពចុចតាមដានគណនីលើ Instagram តារា Son Ye Jin នេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងរំភើបខ្លាំង ដោយពួកគេនាំគ្នាជជែកវែកញែក ដោយអ្នកខ្លះលើកឡើងច្បាស់ៗថា Son Ye Jin ពិតជាកំពុងតែ ship តារាប្រុស Kim Soo Hyun និង Kim Ji Won ហើយ មិនមែនត្រឹមតែហ្វេនៗនោះទេ។
គួរបញ្ជាក់ដែរថា Son Ye Jin ចុចតាមដានគណនីដែល Ship Kim Soo Hyun-Kim Ji Won ស្របពេលដែលតារាស្រីប្រុសមួយគូនេះ កំពុងតែរងចចាមអារ៉ាមក្ដៅគគុកថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ ជាមួយគ្នានោះដែរ អ្នកគាំទ្រពិតជាសង្ឃឹមថា តារាទាំងគូនេះ នឹងមានលទ្ធផលដូចគូស្នេហ៍ Hyun Bin-Son Ye Jin៕
ប្រភព៖ Kenh14