មានប្តីមានកូនហើយ មកចាញ់បោកស្នេហ៍ Lee Min Ho ក្លែងក្លាយតាមអនឡាញ អស់លុយរាប់ពាន់ដុល្លារ
ថ្មីៗនេះ រឿងរ៉ាវរបស់ស្រ្តីម្នាក់បានធ្វើឱ្យមានការចែកចាយពាសពេញបណ្តាញសង្គម ដោយការហួសចិត្ត និង អាណិតអាសូរ ដោយនាងបានទៅចាញ់បោក Lee Min Ho ក្លែងក្លាយនៅតាមអនឡាញ ហើយថែមផ្ញើលុយឱ្យគេអស់រាប់ពាន់ដុល្លារ ដល់ចុងក្រោយដឹងខ្លួនស្តាយខ្លាំងរហូតដល់ចង់សម្លាប់ខ្លួនទៀត។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់នេះមានអាយុ ២៩ ឆ្នាំ ជាអ្នកខេត្តស៊ីងបុរី ប្រទេសថៃ ហើយនាងក៏មានគ្រួសាររួចទៅហើយ ដោយទើបតែឆ្លងទន្លេកូនទីមួយបាន ៤ ខែប៉ុណ្ណោះ។ យ៉ាងណាមិញ ថ្ងៃមួយ នាងបានចូលលេងកម្មវីធីរកគូមួយប្រភេទនៅក្នុងទូរសព្ទ ហើយក៏បានជួបនឹងបុរសម្នាក់ដែលអះអាងថាខ្លួនជាតារាប្រុស Lee Min Ho ហើយនាងក៏បាននិយាយគ្នាជាមួយគេយ៉ាងពេញចិត្តរីករាយ ព្រោះនាងក៏ស្រឡាញ់គេជាយូរមកហើយ តាំងពីជំនាន់រឿង F4 មកម្ល៉េះ។
និយាយគ្នាយូរៗទៅ បុរសដែលអះអាងថាជា Lee Min Ho នោះ បានប្រាប់ថាគេស្រឡាញ់នាង ចង់រៀបការជាមួយនាង ដោយមិនខ្វល់ថាមានកូនមានប្តីហើយនោះទេ ហើយនាងក៏ជឿតាមមិនគិតអ្វីឡើយ។ លើសពីនេះ គេថែមទាំងបោកថានឹងផ្ញើរបស់ប្រ៊េនមកឱ្យនាងទៀត នាងក៏បានផ្ញើលុយឱ្យគេលើកដំបូងអស់ ៣០ ០០០ បាត ដើម្បីជាថ្លៃផ្ញើមកប្រទេសថៃ។
ក្រោយមកទៀត បុរសជា Lee Min Ho ក្លែងក្លាយរូបនេះ ក៏បានបោកនាងទៀតថា ខ្លួនកំពុងតែចេញដំណើរមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃហើយ ហើយគេនឹងត្រូវត្រួតកូវីដ ព្រមទាំងត្រូវខាងមន្រ្តីនៅទីនោះ នឹងឆែកកាបូបគេទៀត ដែលគេមិនចង់ឱ្យឆែកឡើយ ទើបឱ្យនាងផ្ញើលុយមកអស់ជាង ៤០ ០០០ បាតទៀត ដើម្បីសូកខាងមន្រ្តីនោះ។
លើកចុងក្រោយនាងក៏បានផ្ញើឱ្យ ៤០ ០០០ បាតទៀត ក្នុងនោះសរុបទាំងអស់គឺ ៤ ដង អស់ចំនួន ១១០ ០០០ បាត ស្មើនឹងជាង ៣ ០០០ ដុល្លារឯណោះ។ យ៉ាងណាមិញ ចុងក្រោយប្តីនាងក៏ចាប់បាន ហើយក៏ទើបដឹងថានេះ គឺជាការបោកប្រាស់។ នាងត្រូវឪពុកស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យដាច់ចិត្តទៅសម្លាប់ខ្លួន តែប្តីតាមទាន់ក៏ហៅមកលួងលោមវិញ ព្រមទាំងបាននាំទៅដាក់ពាក្យបណ្តឹង៕