សារព័ត៌មាន Sinchew បានរាយការណ៍ឱ្យដឹងថា នៅសៀងហៃ ប្រទេសចិនឥលូវនេះមានប្រើក្រុមហ៊ុនបន្លំ សម្រាប់ឱ្យអ្នកដែលអត់ការងារធ្វើទៅអង្គុយធ្វើការបោកភ្នែកអ្នកផ្ទះ។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ មានបន្ទប់ធ្វើការ មានតុសម្រាប់ធ្វើការ មានកុំព្យូទ័រ មានអ្វីៗគ្រប់យ៉ាងមួយចប់សព្វគ្រប់ដូចក្រុមហ៊ុនធម្មតាទូទៅ ប៉ុន្តែមិនមែនជាកន្លែងសម្រាប់ធ្វើការមែនទែននោះទេ តែវាជាកន្លែងសម្រាប់ឱ្យអ្នកដែលអត់ការងារធ្វើមកជួលអង្គុយបន្លំភ្នែកអ្នកផ្ទះថាខ្លួនមានការងារធ្វើ។ ក្នុងនោះ សម្រាប់តម្លៃវិញ គឺ ៤ ដុល្លារក្នុងម្នាក់ ដែលម៉ោងធ្វើការ គឺចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៥ ល្ងាច។
ដោយឡែក អ្នកដែលមកអង្គុយនៅទីនេះ អាចបើកកុំព្យូទ័រប្រើបានជាធម្មតា ព្រមទាំងមានមនុស្សធ្វើជាចៅហ្វាយដើរពិនិត្យមើលទៅលើតុការងារទៀតផង។ យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម បាននាំគ្នាសរសើរដល់អ្នកដែលមានគំនិតចេះរកនឹកឃើញបង្កើតក្រុមហ៊ុននេះឡើងថាមានភាពច្នៃប្រឌិតណាស់ វាជាមុខរបររកស៊ីដែលមិនចាំបាច់ប្រើកម្លាំងច្រើនឡើយ៕
ប្រភព៖ Kapook