កាន់តែក្តៅហើយ! ម៉ាក់ អ៊ែលលី និយាយដាច់អហង្ការ បើចាប់បានអ្នកប្រមាថជីវិតកូនស្រី មិនត្រូវការការសំពះសុំទោសដាច់ខាត
បើកឆាកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រិយមិត្តដែលស្រឡាញ់ចូលចិត្តក្រុមគ្រួសាររបស់តារាកំប្លែង ផន សុផារី ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកនាងបង្ហោះរូបភាពជនអនាមិកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយយកជីវិតនាងតូច អ៊ែលលី ទៅប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុត។
ក្នុងនាមជាម្ដាយ អ្នកនាង ផន សុផារី ពិតជាឈឺចាប់ និង មិនអាចនៅស្ងៀមឱ្យជនទាំងឡាយដែលប្រមាថជីវិតកូនស្រីខ្លួននោះ ឱ្យរស់នៅបានសុខជាដាច់ខាត ដោយនាងបានបង្ហោះសារស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ឱ្យកូនស្រី និង ក្រុមគ្រួសារនាងផង។ ក្នុងនោះ អ្នកនាង ផន សុផារី បានរៀបរាប់ថា ៖ «ជេរខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឱ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឱ្យអ្នកឯងរស់បានសុខឱ្យសោះ !!! អរគុណបងៗដែលជួយអន្តរាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department»។
ក្រោយបង្ហោះសារខាងលើនេះ មិនបានប៉ុន្មានផង នៅថ្ងៃទី ១ មិថុនា ដដែលនេះ អ្នកនាង ផន សុផារី បានឡាយវីដេអូនិយាយទាំងឈឺចាប់នៅលើហ្វេសប៊ុកផេករបស់នាងយ៉ាងដាច់អហង្ការថា នាងមិនបណ្ដោយឱ្យរឿងមួយនេះចប់ទៅដោយងាយស្រួលឡើយ ពោលគឺមិនឱ្យអ្នកប្រមាថជីវិតកូនស្រីនាងរួចខ្លួនដាច់ខាត ហើយនៅពេលដែលនាងចាប់ជនអនាមិកនោះបាន នាងមិនត្រូវការ ការសំពះសុំអង្វរ ឬសុំទោសជាដាច់ខាត គឺនាងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕