រឿងល្អផ្ទួនៗ! រវាង ១ ខែ តារាប្រុសស្រីកម្ពុជា ២ រូប នាំយកតន្ត្រីខ្មែរបង្ហាញលើឆាកអន្តរជាតិ រហូតផ្ទុះការសាទរពេញប្រទេស
បើគិតចាប់តាំងពីដើមកក្កដា ឆ្នាំ ២០២៤ រហូតមកដល់ជិតពាក់កណ្តាលខែសីហា ឆ្នាំ ២០២៤ ពោលគឺរយៈពេលជាងមួយខែចុងក្រោយនេះ ប្រជាជនកម្ពុជាមានមោទកភាពយ៉ាងខ្លាំងទៅកាន់តារាចម្រៀងប្រុសស្រី ២ ដួង រួមមានតារាចម្រៀងរ៉េប វណ្ណដា និង តារាចម្រៀង Original Song ចិត្ត កញ្ចនា ដែលបានបង្ហាញវត្តមានក្នុងការសម្តែងលើឆាកអន្តរជាតិ។
១. តារាចម្រៀងរ៉េប វណ្ណដា
កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពជាថ្មីសម្រាប់លោក ក្នុងការបង្ហាញឆាកអន្តរជាតិក្នុងនាមជាជនជាតិខ្មែរ។
ការបង្ហាញលើឆាកពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី ៣៣ នេះ វណ្ណដា បានធ្វើឱ្យថ្នាក់ដឹកនាំកំពូលៗ ប្រជាជនកម្ពុជាមានមោទភាពយ៉ាងខ្លាំងសម្រាប់លោក ដែលបានលើកមុខដល់ប្រទេសជាតិ។ លើសពីនោះ សូម្បីតែអ្នកគាំទ្រអន្តរជាតិ ព្រមទាំងសារព័ត៌មានបរទេសជាច្រើនក៏បាននិយាយ និង ចុះផ្សាយពី វណ្ណដា ជាបន្តបន្ទាប់ថែមទៀតផង។
២. តារាចម្រៀង Original Song ចិត្ត កញ្ចនា
ងាកមកតារាចម្រៀង ចិត្ត កញ្ចនា វិញ តារាចម្រៀងស្រីរូបនេះបានតំណាងឱ្យកម្ពុជាទៅកាន់ឆាកអន្តរជាតិកាលពីថ្ងៃទី ០៥ និង ទី ០៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក្នុងកម្មវិធី Round Festival 2024 នៅប្រទេសកូរ៉េ។
ជាលើកទី ១ នៃការតំណាងប្រទេសកម្ពុជាទៅសម្តែងក្នុងកម្មវិធី Round Festival 2024 នៅប្រទេសកូរ៉េនេះដែរ កញ្ញា ចិត្ត កញ្ចនា បានធ្វើឱ្យអ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំង ព្រោះក្រោយការសម្តែង តារាចម្រៀងស្រីរូបនេះបានកាន់ទង់ជាតិប្រទេសកម្ពុជាយ៉ាងធំ បង្ហាញថានាងជាសិល្បការិនីមកពីប្រទេសកម្ពុជា៕