ក្ដៅគគុក! ក្រោយពេលលាឈប់ពីក្រុមហ៊ុន អតីតអ្នកបង្កើត AI ម្នាក់របស់ Google ព្រមានពីគ្រោះថ្នាក់របស់ AI នៅថ្ងៃអនាគត
មួយរយៈក្រោយនេះ គេសង្កេតឃើញថាការវិវិឌ្ឍន៍នៃបច្ចេកវិទ្យា AI ឬ Artificial Intelligence ហាក់កាន់តែរីកចម្រើនខ្លាំង និងមានឆ្លាតវៃជាងមុនច្រើន ដោយនាពេលបច្ចុប្បន្នវាអាចមានសមត្ថភាពកែច្នៃបង្កើតរូបភាព តបសារឆ្លើយឆ្លងមនុស្ស ហើយក៏មានក្រុមហ៊ុនខ្លះបានបង្កើត AI ជំនួយដល់ការកាត់វីដេអូថែមទៀត។
យ៉ាងណាមិញ ទន្ទឹមនឹងការសាទរនៃភាពចម្រើនរបស់ AI លោក Geoffrey Hinton ដែលត្រូវបានគេស្គាល់ថាជាអតីតបុគ្គលិករបស់ Google និងជាបុគ្គលសំខាន់មួយដែលបង្កើត AI រហូតជាប់ឈ្មោះជា ឪពុកធម៌របស់ AI បានចេញសេចក្ដីព្រមានស្ដីពីភាពគ្រោះថ្នាក់របស់ AI នាពេលអនាគត។
លោក Geoffrey Hinton បានរៀបរាប់ថា៖ «ពេលនេះ AI អាចមិនទាន់ឆ្លាតជាងពួកយើងទេ តាមដែលខ្ញុំអាចប្រាប់បាន ប៉ុន្ដែខ្ញុំគិតថាមិនយូរទៀតទេពួកគេនឹងឆ្លាតជាងនេះទៅទៀត។ ហើយនៅពេលនោះគ្រប់យ៉ាងនឹងកាន់តែគួរឱ្យខ្លាច។ បច្ចុប្បន្នខ្ញុំអាយុ ៧៥ ឆ្នាំហើយ ខ្ញុំបានចូលនិវត្តន៍ហើយ ហេតុដូចនេះខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នានូវរឿងមួយចំនួនប៉ុណ្ណោះ»។
«នៅពេលអនាគត នៅពេលដែល AI កាន់តែឆ្លាតវៃ ការងារចំនួន ៣០០ លាននឹងត្រូវប៉ះពាល់ ហើយតួនាទីមួយចំនួន នឹងលែងត្រូវការមនុស្សធ្វើការទៀត។ ជាក់ស្ដែងខ្ញុំតែងលួងចិត្តខ្លួនឯងថា ប្រសិនបើខ្ញុំមិនបានធ្វើវាទេ និងមានអ្នកផ្សេងធ្វើវាឱ្យ AI នេះឆ្លាត។ សាកស្រមៃមើលថា បើដូចនៅក្នុងខ្សែភាពយន្ដមានតួអង្គមិនល្អ ហើយគេបានប្រើប្រាស់ AI ក្នុងផ្លូវមិនល្អតើអាចនឹងមានអ្វីកើតឡើង វាអាចនឹងក្លាយជាសុបិនអាក្រក់របស់អ្នកគ្រប់គ្នា»។
«ភាពខុសគ្នារវាងមនុស្ស និង AI គឺមនុស្សយើងជាប្រព័ន្ធជីវសាស្ត្រ ចំណែក AI ជាប្រព័ន្ធឌីជីថល ហើយវាខុសគ្នាខ្លាំងព្រោះតែបច្ចេកវិទ្យាឌីជីថល គឺអ្នកអាចចម្លង (Copy) អ្វីដែលដូចគ្នាបានមិនថារូបរាង កម្ពស់ ទម្ងន់។ ហើយរាល់ការចម្លងបង្កើតគឺត្រូវបានចម្លងទាំងភាពឆ្លាតវ័យ និងទិន្នន័យដែលផ្ទុករួចស្រាប់។ វាដូចជាយើងបង្កើតមនុស្ស ១០ ០០០ នាក់ហើយមានខួរក្បាលតែមួយ តែនៅពេលមានមនុស្សតែម្នាក់ក្នុងចំណោមនោះរៀនអ្វីដែលថ្មី នោះអ្នកនៅសល់នឹងចេះដឹងវាដោយស្វ័យប្រវត្តិ។ ហើយបែបនេះហើយបាន AI Chatbots ចេះដឹងច្រើនជាងហាក់បីមានមនុស្សជាច្រើននាក់បញ្ចូលគ្នា»។
«មួយវិញទៀត ទោះបីអ្នករាល់គ្នានៅអាមេរិកខ្លាចហានិភ័យឈប់អភិវឌ្ឍវាក៏ដោយ ក៏ចិននឹងបន្ដធ្វើវាដដែល។ តែខ្ញុំគឺជាអ្នកជំនាញវិទ្យាសាស្ត្រមិនមែនគោលនយោបាយ ហេតុដូចនេះទំនួលខុសត្រូវធំគឺបន្ទុករបស់រដ្ឋាភិបាលថាតើ AI នឹងត្រូវបង្កើតឡើងក្នុងទម្រង់ណា។ ខ្ញុំចង់បញ្ជាក់ជាចុងក្រោយថា AI Chatbots គឺត្រឹមជាផ្នែកមួយនៃការសិក្សា AI តែប៉ុណ្ណោះ នាពេលអនាគតវាអាចនឹងដណ្ដើមការងារមនុស្សរាប់លាននាក់ ហើយការងារខ្លះនឹងត្រូវបាត់បង់លែងជាមនុស្សអ្នកធ្វើការ»៕
ប្រភព៖ BBC