រយៈពេលជិត ១០ ថ្ងៃហើយ ដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo បានទទួលមរណភាព លាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រគ្មានថ្ងៃត្រឡប់ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ បើទោះជាពិធីបុណ្យ ៧ ថ្ងៃ បានចប់សព្វគ្រប់ហើយក្តី តែក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្ររបស់លោក RuthKo នៅតែមិនទាន់អាចទទួលយកបាន និង បង្ហាញអារម្មណ៍នឹងរឭក ព្រមទាំងសោកស្តាយរូបលោកយ៉ាងខ្លាំង។
ងាកមកកាន់តារាចម្រៀងប្រុសលោក វុទ្ធា ដែលជាមិត្តរួមទ្រនំ និង រាប់អានគ្នាដូចជាបងប្អូនបង្កើតឯណោះវិញ ក៏មានទុក្ខសោកយ៉ាងខ្លាំងណាស់ដែរ នៃការបាត់បង់ប្អូនប្រុសដ៏ល្អដូចលោក RuthKo។ ក្នុងនោះ លោក វុទ្ធា ធ្លាប់បានឱ្យដឹងថា លោក RuthKo គឺជាបុគ្គលតែម្នាក់ ដែលស្និទ្ធស្នាល ដឹងរឿងគ្នាទៅវិញទៅមកជាងបងប្អូនបង្កើតទៅទៀត។
ជាការពិត អ្វីដែលកាន់តែធ្វើឱ្យលោក វុទ្ធា នៅតែដិតដាមក្នុងចិត្តនោះ ក៏ព្រោះរាល់ការឡើងសម្តែង លោក វុទ្ធា និង លោក RuthKo តែងតែទៅច្រៀងជាមួយគ្នា ប៉ុន្តែចាប់ពីពេលនេះទៅលែងមានវត្តមានលោក RuthKo ទៀត រហូតធ្វើឱ្យលោក វុទ្ធា រៀបរាប់ថា៖ «លើកនេះគ្មានប្អូនពិតជាគួរឱ្យសោកស្ដាយ»៕