ទីបំផុត Ananda បង្ហើបពីគម្រោងរៀបការហើយ ក្រោយសុំគូស្នេហ៍រៀបការជាង ៤ ខែ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានភាគថៃមុខជាបានស្គាល់ច្បាស់ Ananda Everingham តារាប្រុសជើងចាស់វ័យ ៤០ ឆ្នាំ ដែលមានស្នាដៃរឿងល្បីៗជាច្រើន ជាពិសេសភាគច្រើននៃខ្សែភាពយន្ដខ្នាតធំលោកសម្ដែងតែងទទួលបានការគាំទ្រខ្ពស់។
កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ Ananda បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយខ្លួនបានបង្ហាញពីទិដ្ឋភាពលុតជង្គង់សុំគូស្នេហ៍រៀបការនៅឯភោជនីយដ្ឋានមួយកន្លែង ស្របពេលមានភ្លៀងធ្លាក់ស្រិចៗ ដែលមើលទៅពោរពេញដោយអារម្មណ៍រំភើប និង រ៉ូមែនទិក។
ក្រោយសុំរៀបការបានជាង ៤ ខែ Ananda បានទម្លាយឱ្យដឹងថា ៖ «គម្រោងរៀបការគឺច្បាស់ណាស់ថានឹងធ្វើឡើងនៅឆ្នាំក្រោយនេះ តែមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់ទេ ព្រោះបច្ចុប្បន្ននេះគឺកំពុងតែពិភាក្សា ហើយរៀបចំទៅជារឿយៗ រឿងដែលយើងបានសម្រេចគ្នាហើយគឺរឿងបោះពុម្ពធៀបការ ចំណែករឿងផ្សេងៗគឺរៀបចំគិតគូបានចូល ៧០ ទៅ ៨០ ភាគរយ។ អ្វីៗចាប់ផ្ដើមចេញជារូបរាងជាបណ្ដើរៗហើយ មានក្រុមការងារផ្នែក Concept ដែលផ្ដល់យោបល់ និង ប្រឹក្សាថាពួកយើងចង់រៀបចំបែបណា ហើយក៏បាននិយាយពីរឿងការរៀបចំបទចម្រៀង និង ភ្លេងខ្លះៗហើយដូចគ្នា ហេតុដូចនេះបើមានអ្វីបន្ថែមនឹងលម្អិតឱ្យច្បាស់ជាងនេះនាពេលក្រោយ»៕