(វីដេអូ) រត់គេចពីប៉ូលិសបានហើយ តែបកក្រោយឱ្យប៉ូលិសចាប់វិញ ព្រោះមិនដាច់ចិត្តពីឆ្មាសំណព្វនៅក្នុងឡាន
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែមានការហួសចិត្ត និង អស់សំណើចយ៉ាងខ្លាំង ជាមួយនឹងករណីមួយដែលមានបុរសម្នាក់ជក់ថ្នាំញៀន ប៉ូលិសតាមដេញចាប់សុខចិត្តរត់ចោលឡានប៊ិះនឹងបានរួចខ្លួនហើយ តែត្រឡប់មកវិញឱ្យប៉ូលិសចាប់ខ្លួន ព្រោះតែនឹកឃើញអាណិតឆ្មានៅក្នុងឡានតែម្នាក់ឯង។
តាមព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតនៅខេត្ត Ratchaburi ដោយនៅថ្ងៃកើតហេតុ បុរសខាងលើបានបើកឡានកាត់ប៉ុស្តិ៍ត្រួតនៅផ្លូវមួយកន្លែង ប៉ុន្តែមិនព្រមប៉ូលិសឆែកឆេរឡើយ ដោយបានបង្កើនល្បឿនជិះហួស។ ប៉ូលិសក៏បាននាំគ្នាជិះដេញចាប់ រហូតទាល់តែឡានបុរសខាងលើដល់ផ្លូវទាល់ ហើយជ្រុលទៅបុកនឹងផ្ទះប្រជាជន។ ក្រោយពីជ្រុលដៃបុកហើយ បុរសរូបនេះក៏រត់ចូលទៅក្នុងព្រៃនៅម្តុំនោះ ដើម្បីពួនសំងំបាត់ខ្លួនទៅ។
ដោយឡែក អ្វីដែលមិននឹកស្មាន ប៉ុន្មានម៉ោងក្រោយមក បុរសរូបនេះក៏បានបង្ហាញខ្លួនឡើងវិញ ហើយប៉ូលិសក៏បានចាប់ខ្លួនបានសម្រេច។ ក្នុងនោះ បុរសរូបនេះបានសារភាពថា ខ្លួនមិនព្រមឱ្យប៉ូលិសឆែកឆេរ ព្រោះតែខ្លាចប៉ូលិសដឹងថាខ្លួនជក់ថ្នាំញៀន ហើយមូលហេតុដែលបង្ហាញខ្លួនព្រមឱ្យប៉ូលិសចាប់ ព្រោះទ្រាំមិនបាននឹកឃើញអាណិតដល់ឆ្មាសំណព្វដែលនៅក្នុងឡានតែម្នាក់ឯង៕