មកដឹងពីប្រវត្តិសិក្សា និងស្នាដៃ ឯកឧត្តម ឌិត ទីណា ដែលរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម
តាមរយៈលិខិតរាជរដ្ឋាភិបាល ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។
ដោយឡែកខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេប ឯកឧត្តម ឌិត ទីណា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលមានទំនុកចិត្ត នឹងស្នើឱ្យ ប្រធានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក.ព័ត៌មានសង្ខេប
ឯកឧត្តម ឌិត ទីណា មានឈ្មោះជាអក្សរឡាតាំង DITH TINA ភេទប្រុស កើតនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើតនៅសង្កាត់លេខ ១ ក្រុងភ្នំពេញ។
ខ.ព័ត៌មានគ្រួសារ
ឯកឧត្តមមានឪពុកឈ្មោះ ឌិត មុន្ទី ថ្ងៃខែឆ្នាំកំណើត ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៤១ ទីលំនោះបច្ចុប្បន្ន ផ្ទះលេខ ៤៤ ផ្លូវ ៩៣ ភូមិ ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្តាយបង្កើតឈ្មោះ អ៊ឹង មុនី (ស្លាប់) ថ្ងៃខែឆ្នាំកំណើត ០៤ ខែមេសា ឆ្នាំ ១៩៥៤។
ឯកឧត្តម មានភរិយាឈ្មោះ ថៃ វិទ្យាល័យ កើត នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៨៨ មុខរបរមេផ្ទះ មានកូនចំនួន ៣ នាក់
១. ឈ្មោះ ឌិត អេម៉ាវិល័យលីន ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ២៥ ខែកញ្ញា ឆ្នាំ ២០១៤
២. ឈ្មោះ ឌិត ដាវីណាវិល័យលក្ខណ៍ ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ១៤ ខែកក្កដា ឆ្នាំ ២០១៦
៣. ឈ្មោះឌិត ម៉ូនីតាវិល័យលាភ ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ១៣ ខែមករា ឆ្នាំ ២០១៨។
ចំពោះភាសាបរទេស បារាំង អង់គ្លេស (អាន សរសេរ និយាយបានច្បាស់លាស់) ចិន (ប្រើបានតិចតួច) ខណៈប្រវត្តិនៃការសិក្សារបស់ឯកឧត្តមមានដូចខាងក្រោម ៖
២០០២ ៖ សញ្ញាបត្រវិស្វកររ៉ែ មកពី Ecole Nationale superieure des mines de Paris
២០០០ ៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា មកពី សាកលវិទ្យាល័យ Orsay, Paris Sud
១៩៩៩ ៖ បរិញ្ញាបត្រ រូបវិទ្យា មកពី សាកលវិទ្យាល័យ Orsay, Paris Sud
១៩៩៦ ៖ សញ្ញាបត្រទុតិយភូមិ Baccalaureate មកពី Lycée Gérard de Nerval
១៩៩៤ ៖ សញ្ញាបត្រទុតិយភូមិមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ
ដោយឡែក ចំពោះប្រវត្តិការងារ និងស្នាដៃមានដូចជា ៖
– ចាប់ពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល
-ឆ្នាំ ២០១៣ ដល់ ២០១៤ ៖ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
-ឆ្នាំ ២០០៩ មកដល់ ២០១៣ ៖ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
កន្លងមក ឯកឧត្តមបានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យក្នុងដងទន្លេ។ ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ – ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និង ផលិតផលប្រេងកាត (ផ្នែកដោនស្ទីម)។ ដឹកនាំតាក់តែងច្បាប់ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រ៕
ប្រភព ៖ ទទក