មួយរដូវៗកសិករ ឈឿន គឹមហុង អាចរកចំណូលបានរាប់ម៉ឺនដុល្លារ ពីដំណាំក្រូចពោធិ៍សាត់ (វីដែអ)
សូមសរសើរនូវការខិតខំប្រឹងប្រែងរបស់កសិករម្នាក់ នៅក្នុងស្រុកភ្នំក្រវ៉ាញ ដែលបានខិតខំដាំដំណាំ ក្រូចពោធិ៍សាត់ រហូតទទួលបានចំណូលរាប់ម៉ឺនដុល្លារ ក្នុងមួយរដូវៗ ដែលធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធាមិនចាញ់ជីវភាពអ្នករស់នៅភ្នំពេញឡើយ ។ ដោយក្នុងមួយរដូវៗគាត់បានបេះផ្លែក្រូចពោធិ៍សាត់លក់បានរហូតជាង ៤០ តោនឯណោះ ។
លោក ឈឿន គឹមហុង ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់មួយ នៅក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បានឱ្យដឹងថា គាត់មានដីចម្ការប្រមាណជា ៥០ ហិកតា តែគាត់ដាំក្រូចពោធិ៍សាត់ តែ ៨ ហិកតាប៉ុណ្ណោះ ដែលមានក្រូចចំនួន ២ ០០០ ដើម ។ ដោយក្នុងមួយឆ្នាំ គាត់បេះក្រូចបានចំនួនពីរដង ហើយក្នុងមួយរដូវយ៉ាងតិចគាត់បេះក្រូចបានចំនួន ៤០ តោនដែរ ។ ទោះបីជាគាត់មិនបានប្រាប់ពីប្រាក់ចំណូលពីការលក់ក្រូចពោធិ៍សាត់ឱ្យបានជាក់លាក់យ៉ាងណាក្តី តែគាត់បានបង្ហើបឱ្យដឹងថា ក្នុងក្រូចចំនួន ២០០ ដើម គាត់បានម៉ៅឱ្យគេយកទៅលក់បន្តបានជាង ១ ម៉ឺនដុល្លារ ឯណោះ ។
ក្រៅពីលក់ផ្លែ ក្រូច នៅចម្ការក្រូចពោធិ៍សាត់របស់គាត់ ក៏មានផ្សាំកូនក្រូចពោធិ៍សាត់លក់ ទៀត ដោយលក់ក្នុង ១ដើម តែ១ដុល្លារប៉ុណ្ណោះ ។ ទាំងផ្លែក្រូច និង កូនក្រូចរបស់គាត់គឺ លក់មិនដែលសល់ឡើយ ព្រោះក្រូចគាត់ មានសាច់ក្រហម មានរសជាតិផ្អែម ដែលធ្វើឱ្យអ្នកពិសារជាប់ចិត្តជាមួយនឹងរស់ជាតិ ផ្អែមឆ្ងាញ់របស់វា ។ ប្រសិនបើ បងប្អូនចង់ទិញផ្លែក្រូច ឬ កូនក្រូចរបស់គាត់យកទៅដាំ ឬ លក់បន្ត អាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ៖ ០១៦៧៩០ ៨២៤ ៕
(រូបថតៈក្រូចពោធិ៍សាត់)