រកនេះខាតរកនោះខាត បើមានដីវាលទំនេរដាំតែរំដេង អាចរកចំណូលបានរាប់លានរៀលដែរ ក្នុងមួយរដូវៗ
បើមានដីកុំទុកទំនេរចោលឥតប្រយោជន៍ បើមិនដឹងដាំដំណាំអី គ្រាន់តែដាំរំដេងទុកចោល ក៏អាចរកចំណូលបានច្រើនដែរ ។ ដូចជាលោក ទង ឈឿន មានផ្ទៃដីតែ ១០ ម៉ែត្រ គុណ ៥០ ម៉ែត្រប៉ុណ្ណោះ គាត់មិនបានទុកដិរបស់គាត់ឱ្យទំនេរចោលដោយឥតប្រយោជន៍ឡើយ ដោយគាត់បានយកដីនោះដាំរំដេង រយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ គាត់អាចប្រមូល និង រកចំណូលបានពី ៤ ទៅ ៦លានរៀលពីដំណាំរំដេង របស់គាត់ ។
បច្ចុប្បន្ន លោក ទង ឈឿន រស់នៅក្នុងភូមិដីក្រហម ឃុំព្រៃរំដង ស្រុកគីរីវង់ ខេត្តតាកែវ ។ លោកជាកសិករម្នាក់ ដែលមានភាពឧស្សាព្យាម ក្នុងការប្រកបរបរកសិកម្ម ធ្វើស្រែ ចម្ការ គាត់ មិនដែលទុកដីរបស់គាត់ឱ្យនៅសល់ទំនេរឡើយ គាត់តែងតែដាំដំណាំ រួមផ្សំផ្សេងៗជាច្រើនមុខ ដូចជា ក្រូចឆ្មារ ក្រូចថ្លុង និង រំដេងជាដើម ដែលអាចឱ្យគាត់រកចំណូលពីការដាំដំណាំទាំងនោះបានរាប់លានរៀលក្នុងមួយរដូវៗដើម្បីជីវភាពផ្គត់ផ្គង់គ្រួសារគាត់ឱ្យរស់នៅបានយ៉ាងស្រួល មិនបាច់ធ្វើចំណាកស្រុកឡើយ ។ គ្រាន់តែគាត់លក់ រំដេងមួយមុខ ក្នុងមួយរដូវ មានរយៈពេល ៦ ខែ គាត់អាចរកចំណូលបានពី ៤ ទៅ ៦ លានរៀលដែរ នេះមិនគិតដល់ពីការលក់ផលដំណាំផ្សេងៗទៀតឡើយ ។
លោក ទង ឈឿន បានរៀបរាប់ពីរបៀបដាំរំដេងថា ការដាំដំណាំរំដេងនេះ វាមិនពិបាកដូចជាការដាំដំណាំផ្សេងទៀតឡើយ ។ ដោយមុនដំបូងយើងត្រូវយកពូជរំដេង ដែលបានត្រៀមពូជទុក រួចយកមកបណ្តុះ ឱ្យវាដុះ បានប្រវែង ១ តឹក រួចភ្ជួរដី ដោយគោយន្ត ឬ ត្រាក់ទ័រ ហើយហាលរយៈពេល២ ឬ ៣ថ្ងៃ រួចធ្វើស្មៅ ហើយលើកជារង បើដីនោះមានការដកទឹកភ្លៀង ។តែបើដីយើងរាបស្មើ ឬ ដីជំរាលភ្នំ គ្រាន់តែភ្ជួររួច មិនបាច់ហាលដីឱ្យស្ងួត ឬ លើកជារងឡើយ គឺ យើងគ្រាន់តែជីកជារណ្តៅ ក្នុងជម្រៅ ៣តឹករួចយកលាមកអាចម៌គោមកដាក់នៅបាតរណ្តៅ រួចយករំដេង ដែលបណ្តុះនោះ មកដាក់ដាំ ដោយទុកគម្លាតពីពីគុម្ពមួយ ទៅ គុម្ពមួយ ប្រវែង ០,៥ ម៉ែត្រ ជាការស្រាច ។
អ្នកខ្លះ គេយកមើមរំដេងមកដាំ តែម្តងក៏បានដែរ គ្រាន់តែវាពិបាក់ធ្វើស្មៅបន្តិចទម្រាំរំដេងដុះ តែបើដាំតាមរបៀបបណ្តុះកូន វាមិនបាច់ធ្វើស្មៅឡើយ ពេលស្មៅដុះរំដេងក៏ធំគ្របលើស្មៅជិតតែម្តង ។ ក្រោយពីដាំហើយ បើវានៅតូច ហើយមានភាពរាំងស្ងួតនោះ យើងគ្រាន់តែបូមទឹកស្រោចម្តង ឬ ពីរដង រួចទុកវាចោល មិនបាច់ថែទាំវាច្រើនឡើយ រហូតដល់រយៈពេល ៦ ខែទើបយើងអាចប្រមូលផលវាបាន ។
លោក ទង ឈឿន បានបន្តទៀតថា ប៉ុន្មានឆ្នាំមកនេះ ការដាំរំដេង មិនមានបញ្ហាចោទលើទីផ្សារឡើយ ដាំបានប៉ុន្មានក៏ឈ្មួញទិញគ្មានសល់ដែរ ។ អ្នកនៅក្នុងភូមិជាមួយគាត់ នាំគ្នាដាំរំដេងស្ទើរគ្រប់ៗគ្រួសារ ។ ប៉ុន្តែបើឆ្នាំណាលក់មិនដាច់ ពួកគាត់អាចទុករំដេង លក់នៅឆ្នាំបន្ទាប់ក៏បាន ។
ចំពោះគ្រួសារគាត់ នៅរដូវរំដេងកន្លងទៅ គាត់គ្មានកម្លាំងគាស់រំដេង ក៏ម៉ៅឱ្យអ្នកភូមិដូចគ្នាគាស់លក់បន្ត ក្នុងតម្លៃ ៤ លានរៀល ហើយគេគាស់លក់បន្តឱ្យឈ្មួញដែលយករថយន្តមកដឹកដល់ផ្ទះ យកទៅលក់នៅទីក្រុងភ្នំពេញ បានរហូតដល់ជាង ៦ លានរៀឯណោះ ។ លោក ទង ឈឿន បានផ្តាំផ្ញើដល់កសិករទូទាំងប្រទេសថា បើមានដីមិនលិចទឹកឬ ដីតំបន់ភ្នំ កុំទុកវាចោលទំនេរឱ្យសោះគឺដាក់ដាំរំដេងចោលទៅ រយៈពេល ៦ខែ យើងអាចប្រមូលផលវាលក់បានហើយ ។ បើបងប្អូនចង់ជ្រាបច្បាស់ពីការដាំរំដេងនេះ អាចទាក់គាត់ តាមរយៈលេខទូរសព្ទ ០១៧ ៨៧ ៦៥ ៥១ /០៣១ ៣៣ ១៩ ៦៩៦ ៕