ពិតជាមិនធម្មតា ហាងម្ជូរវត្តភ្នំ ១៦៨ ក្នុង១ថ្ងៃ លក់ម្ជូរអស់រហូតដល់ទៅជាង ១តោនម្ជូរ
អ្នករស់នៅទីក្រុងភ្នំពេញ ពិសេសយុវវ័យៗពិតជាបានដឹង និង ស្គាល់ពីកន្លែងលក់ម្ជូរវត្តភ្នំ ១៦៨ ដោយអ្នកខ្លះបានហៅថាជាកន្លែងលក់ម្ជូរប្រេន ព្រោះនៅទីនោះមានលក់គ្រឿងម្ជូរគ្រប់ប្រភេទដែលត្រូវបានគេសរសើរថា មានរសជាតិឆ្ងាញ់ប្លែក សំខាន់ទៀតនោះ មានផ្លែឈើស្ទើរតែគ្រប់មុខគឺមិនក្រោម ១០០ មុខឡើយ ។ ផ្លែឈើទាំងនោះ មានទាំងស្រស់ ទាំងក្រៀមគឺមានមិនខ្វះតាមតម្រូវការរបស់អតិថិជនឡើយ ។
ហាងលក់ម្ជូរវត្តភ្នំ ១៦៨នេះ គឺមានទីតាំងស្ថិតនៅខាងជើងវត្តភ្នំខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ដែលមានលក់គ្រឿងម្ជូរគ្រប់ប្រភេទមានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃថោកសមរម្យព្រម ទាំងបើកលក់ពេញ ២៤ម៉ោងតែម្តង ។ ជារៀងរាល់ថ្ងៃ ឬ ពេលល្ងាច គេសង្កេតឃើញអតិថិជនបានឈរយ៉ាងត្រៀបត្រារងចាំទិញម្ជូរ នៅហាងម្ជូរវត្តភ្នំ ១៦៨នេះ ។
ទោះបីជាជំងឺកូវីដ ១៩ បានចូលរាតត្បាត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅពាស់ពេញពិភពលោកយ៉ាងក្តី ប៉ុន្តែមុខរបរលក់ម្ជូររបស់ហាងលក់ម្ជូរវត្តភ្នំ ១៦៨ នេះ នៅតែដំណើរការយ៉ាងរលូន គ្រាន់តែថយចុះអតិថិជនបន្តិចប៉ុណ្ណោះ ។ លោកស្រី លាភ ដាណេ វ័យ ៤៥ ឆ្នាំ ជាអាជីវករ និង ជាម្ចាស់ហាងលក់ម្ជូរវត្តភ្នំ ១៦៨នេះ បានប្រាប់អ្នកយកព័ត៌មានយើងថា «ជារៀងរាល់ថ្ងៃនេះ ហាងលក់ម្ជូរវត្តភ្នំ១៦៨ របស់ខ្ញុំនេះ បានបើកលក់ជូនអតិថិជន ២៤ម៉ោង មិនមានការបិទ ហើយក៏មិនមានការជាប់គាំងក្នុងពេលមានជំងឺកូវីដ ១៩ រីករាលដាលលើពិភពលោក និង នៅកម្ពុជានោះទេ ។ ពោលគឺហាងលក់ម្ជូររបស់ខ្ញុំ នៅតែដំណើរការរលូនដដែល គ្រាន់តែមានការធ្លាក់ចុះប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ។ ជាក់ស្តែងកាលពីមុន ការលក់ដូរម្ជូររបស់ខ្ញុំក្នុងមួយថ្ងៃលក់អស់ ២ តោន តែដល់ពេលសម័យជំងឺកូវីដ ១៩ ចូលរាតត្បាត ការម្ជូរបានថយបន្តិច ដោយលក់បានត្រឹមជាង ១ តោនប៉ុណ្ណោះក្នុង១ថ្ងៃ ព្រោះម៉ូយធ្លាប់ទិញសំងំនៅតែក្នុងផ្ទះហើយអ្នកខ្លះ នឹកឃើញឃ្លានចង់ញ៉ាំម្ជូរទ្រាំមិនបាន ក៏ចេញមកទិញយកទៅញ៉ាំជុំគ្នានៅក្នុងផ្ទះរបស់ពួកគេ »។
បើតាមអ្នកស្រីលាភ ដាណេ ថៅកែហាងម្ជូរវត្តភ្នំ ១៦៨នេះបានឱ្យដឹងថា« ម៉ូយមកទិញម្ជូរភាគច្រើន នៅពេលថ្ងៃគឺមានចម្រុះ តាំងពីមន្រ្តីរាជការ,បុគ្កលិកក្រុមហ៊ុន,អ្នកបើកបរ ,ប្រជាជន រហូតមានដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា ទៀតផង ។ ចំណែកពេលយប់វិញអតិថិជនមកទិញម្ជូរច្រើនតែជាយុវវ័យ ,ជាគូសង្សារ, ជាក្រុមគ្រួសារ ដែលក្រោយពីចប់ការងារ ឬ ចប់ការដើរលំហែមុនវិលទៅផ្ទះវិញ ក៏ឆៀងចូលទិញម្ជូរទុកញ៉ាំជាមួយគ្នា នៅពេលសម្រាកនៅផ្ទះ» ។
អាថ៌កំបាំង ដែលនាំឱ្យម្ជូរ១៦៨វត្តភ្នំទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ពីអតិថិជន ៖
ជាធម្មតាការធ្វើម្ជូរ អ្នកណាក៏ចេះធ្វើដែរ ដោយគ្រាន់តែយកផ្លែឈើមកជ្រក់ឱ្យវាជូរនោះ តែចំណុចសំខាន់គឺរសជាតិ ដែលទាក់ទាញអ្នកញ៉ាំ ពេលគេបានញ៉ាំម្តងហើយ ចង់ញ៉ាំម្តងទៀត ។ភ្ញៀវដែលទិញម្ជូរ គេតែងតែសរសើរថា ឆ្ងាញ់ជក់ចិត្តពិសេសគឺវាស្រួយ និង អំបិលមានរសជាតិឆ្ងាញ់ប្លែក ។ លោកស្រី លាភ ដាណេ បានបង្ហើបឱ្យដឹងថា «រសជាតិរបស់ម្ជូរឆ្ងាញ់ ឬ មិនឆ្ងាញ់វាអាស្រ័យលើអំបិលជ្រលក់ទៅវិញទេ ព្រោះតែហេតុនេះហើយ ទើបកន្លែងរបស់ខ្ញុំមានអំបិលបុកចំនួនជាង ១០ ប្រភេទប្លែកៗគ្នា ព្រមទាំងមានរសជាតិផ្សេងគ្នា ទុកសម្រាប់លក់ជូនអតិថិជនដែលត្រូវការទៅតាមចំណូលចិត្ត ។ អំបិលបុកទាំងជាង ១០ ប្រភេទនោះ កើតចេញពីការកែច្នៃស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង មិនបានទិញពីគេធ្វើស្រាប់យកមកលក់ឡើយ ហើយពេលនេះក៏កំពុងកែច្នៃធ្វើអំបិលបុកផ្សំជាមួយរសជាតិបង្គាបន្ថែមទៀតដើម្បីធ្វើឱ្យអតិថិជនមានការប្លែកមាត់ជក់ចិត្ត ។ ជាក់ស្តែងពេលនេះ គ្រាន់តែអ្នកបុកអំបិល សម្រាប់លក់នៅហាងម្ជូរវត្តភ្នំ១៦៨ គឺមានរហូតដល់ទៅ ៤ នាក់» ។
ដោយសារតែមុខរបរលក់ម្ជូរនេះ បានធ្វើឱ្យហាងលក់ម្ជូរវត្តភ្នំ ១៦៨ មានការរីកចម្រើន ដោយផ្តើមចេញពីការឈប់ជួលផ្ទះគេដើម្បីលក់ម្ជូរ មកមានផ្ទះ និង កន្លែងលក់ផ្ទាល់ខ្លួន ហើយបើកលក់ម្ជូរ២៤ម៉ោង ព្រោះមានបុគ្គលិកដល់ទៅជាង ២០នាក់ សម្រាប់ផ្លាស់ប្តូរវេនគ្នាលក់ ។ អ្វីដែលសំខាន់ទៅទៀតនោះ ហាងម្ជូរវត្តភ្នំ ១៦៨ បានចុះបញ្ជិការនៅក្រសួងពាណិជ្ចកម្ម និង មានការទទួលស្គាល់លើផ្នែកអនាម័យពីក្រសួងសុខាភិបាលទៀតផង ។
ដោយសារតែហាងម្ជូរវត្តភ្នំ ១៦៨ មានឈ្មោះបោះសម្លេងនោះ ទើបមានអតិថិជន នៅតាមបណ្តាខេត្តខ្លះបានទាក់ទងចង់ទិញ ហ្វ្រេនឆាយម្ជូរវត្តភ្នំ ១៦៨នេះ ប៉ុន្តែរឿងនេះ ត្រូវរង់ចាំដល់សភាពកាណ៍កូវីដ១៩ វិលទៅរកភាពប្រក្រតីវិញសិន ទើបចាប់ដំណើរការ ។
ជាមួយគ្នានេះដែរ លោកស្រីលាភ ដាណេ ក៏កំពុងរៀបចំបើកជាម៉ាតដើម្បីបើកលក់ម្ជូរបែបទំនើប ដោយធ្វើការវេចខ្ចប់ក្នុងប្រអប់រួចជាស្រេចទុកសម្រាប់ភ្ញៀវថ្នាក់លំដាប់ ដែលចង់ដើរចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ។ ចំណែកកន្លែងដាក់លក់ម្ជូររាល់ថ្ងៃ ក៏នៅតែទុកបើកលក់ជាធម្មតាដូចមុនដដែល សម្រាប់អតិថិជន ដែលគាត់ប្រញាប់គ្រាន់ តែឈរមើលហើយទិញយកចេញភ្លាមៗតែម្តង ។
**មូលហេតុ ដែលនាំឱ្យលោកស្រីចាប់យករបរលក់ម្ជូរនេះ ៖
តាមរយៈបទសម្ភាសន៍ ជាមួយ «ប្រជាប្រិយ»លោកស្រី លាភ ដាណេ បានមានប្រសាសន៍ឱ្យដឹងថា៖ «លោកស្រីបានចាប់យកមុខរបរនេះ ចាប់តាំងពីលោកស្រីនៅវ័យក្មេងមកម្ល៉េះ ហើយក៏ចេះតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែកាលពីក្មេងលក់នៅខេត្តកំពង់ធំ លុះក្រោយរៀបការក៏បន្តមកលក់នៅក្រុងភ្នំពេញ ឈានពីជួលផ្ទះគេលក់រហូតដល់មានផ្ទះខ្លួនឯង ។ ហើយការបង្កើតអាជីវកម្មនេះឡើង គឺមិនមែនដើម្បីតែប្រាក់ចំណូល ឬ ប្រាក់ចំណេញតែម្យ៉ាងនោះឡើយ តែវាជាការផ្តល់ជូននូវសុខភាពល្អដល់មនុស្សទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរ តាមរយៈការទទួលទាននូវម្ជូរដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ មានអនាម័យ ពិសេសមានតម្លៃថោកសមរម្យ» ៕