ថុល ស្រីឡាង ក្នុងមួយថ្ងៃចំណូលរាប់ពាន់ដុល្លារ ពីរបរលក់ទឹកត្រចៀកកាំ និងបង្អែម
ស្ទើរមិនគួរឱ្យជឿ ដែលហាងលក់ទឹកត្រចៀកកាំ បង្អែម និង អាហារសម្រន់មួយកន្លែង ដែលមានយីហោ ហាក់ហេង ជារៀងរាល់ថ្ងៃផលិតផលទាំងអស់នេះបានលក់ដាច់ខ្លាំង ដោយក្នុង១ថ្ងៃអាចរកចំណូលបានពី ៤០០០ ទៅ ៥០០០ដុល្លារ ពិសេសស្របពេល ដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ លើពិភពលោក បានធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនបានត្អូញត្អែរពីការលក់មិនសូវដាច់ មិនមានអតិថិជនច្រើនដូចកាលពីពេលមុន តែបែរជាហាងមួយនេះ លក់ផលិតផលរបស់ខ្លួនដាច់ខ្លាំងស្ទើរតែរៀបចំតាមការកម្ម៉ង់ពីភ្ញៀវមិនទាន់ រហូតអតិថិជនខ្លះស្កាត់មកដល់ហាងផ្ទាល់ក៏មានដែរ ព្រោះខ្លាចអស់ និង មិនបានទៅទាន់តាមចិត្តចង់បាន ។
ហាងបង្អែម «ហាក់ហេង» កាលពីមុនមានលក់ត្រឹមតែទឹកត្រចៀកកាំប៉ុណ្ណោះ តែមកដល់ពេលនេះ មានលក់បង្អែមច្នៃជាច្រើនមុខផ្សេងៗទៀត ដែលមានប្រមាណជាង ១០មុខ ព្រមទាំងអាហារសម្រន់ ដែលដាក់លក់រួមជាមួយនឹងទឹកត្រចៀកកាំផងដែរ ។ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននោះ ក៏មានការលក់រាយ និង បោះដុំ ព្រមទាំងដឹកជញ្ចូនឱ្យអតិថិជនគ្រប់ ២៥ ខេត្ត ក្រុង ទៀតផង ។
ហាងបង្អែម «ហាក់ហេង »នេះមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅផ្លូវ ២៨៧ ។ លោកស្រី ថុល សុខឡាង ដែលជាម្ចាស់ហាងនេះ បានបង្ហើបឱ្យដឹងថា ៖«ទម្រាំឈានដល់ភាពជោគជ័យក្នុងមុខរបរនេះ លោកស្រីផ្ទាល់បានឆ្លងកាត់ការលំបាកជាច្រើន ។ ការចាប់ផ្តើម រកស៊ីរបរនេះដំបូងនៅឆ្នាំ ២០១៥ មកដោយមានដើមទុនត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ »។
ជីវិតក្នុងការសិក្សា អ្នកស្រី ថុល សុខឡាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកដេគ័រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ហើយនៅឆ្នាំ ២០១១ ក៏ចាប់ផ្តើមមានគ្រួសារ រួចបានរកការងារធ្វើបានត្រឹម ២ ខែក៏ឈប់ធ្វើ ហើយក៏មានគំនិតចង់បង្កើតអ្វីមួយដើម្បីរកចំណូលផ្ទាល់ខ្លួនឯង ។ កាលណោះ ដំបូងឡើយចាប់បើកហាងបោកគក់ខោអាវមិនទទួលជោគជ័យឡើយទើបពេលមួយនោះ ម្តាយលោកស្រីឈឺក៏បានធ្វើទឹកត្រចៀកកាំឱ្យគាត់ពិសារ ដោយសង្កេតឃើញគុណភាពនៃទឹកត្រចៀកកាំល្អ ហើយក៏ចង់ឱ្យមនុស្សដទៃទៀតបានដឹង និង ស្គាល់ពីរបស់ល្អ និង មានសុខភាពល្អដែរនោះ ទើបលោកស្រីសម្រេចចាប់ផ្តើមអាជីវកម្មនេះឡើងតែម្តង ។
ការចាប់ផ្តើមអាជីវកម្មលក់ទឹកត្រចៀកកាំដំបូងនៅដើមឆ្នាំ ២០១៥ ដែលកាលណោះ ចំណាយដើមទុនប្រហែលជា ១៥០ ដុល្លារ ដោយស្វាមីបានទិញសំបុកទឹកមាត់ត្រចៀកកាំពីខេត្តព្រហសីហនុផ្ញើមកឱ្យដើម្បីធ្វើទឹកត្រចៀកកាំលក់ ហើយចំពោះការលក់ថ្ងែដំបូង ដាច់បានត្រឹមតែ១ដបទៅ២ដបប៉ុណ្ណោះក្នុងមួយថ្ងែ ក៏មានថ្ងៃខ្លះលក់អត់ដាច់ទៀតផង ។
កាលណោះ ទោះជាលក់បានតិចក្តី ហើយទីកន្លែងលក់មានលក្ខណៈតូចចង្អៀតយ៉ាងណាក្តី ក៏លោកស្រី នៅតែខិតខំធ្វើការតស៊ូបន្តលក់ និង ពន្យល់ភ្ញៀវពីគុណភាព និង អត្ថប្រយោជន៍ទឹកត្រចៀកកាំ ព្រមទាំងធ្វើការបង្ហាញនៅក្នុងហ្វេសប៊ុកផង និង ថតផ្សាយជាបន្តបន្ទាប់រហូតដល់មានអ្នកស្គាល់ពីមួយថ្ងែទៅមួយថ្ងែ និង មានការគាំទ្រច្រើនមកដល់ពេលនេះ ។
ចំពោះសំបុកត្រចៀកកាំវិញគឺ ទិញយកមកពីតាមបណ្តាខេត្តជាប់សមុទ្រក្នុងប្រទេសកម្ពុជាយើង អត់មានការនាំចូលពីក្រៅប្រទេសនោះទេគឺជារបស់ធម្មជាតិក្នុងស្រុកខ្មែរតែម្តង ។
ពេលនេះ មិនត្រឹមមានតែទឹកត្រចៀកកាំប៉ុណ្ណោះទេ ហាងបង្អែម« ហាក់ហេង» មានគំនិតច្នៃបង្កើត ជាបង្អែមជាច្រើនមុខ ផ្សេងៗទៀតផង រហូតមានដល់ជាង១០មុខ ដែលដាក់លក់រួមជាមួយនឹងទឹកត្រចៀកកាំផងដែរ ។ ហើយចំណែកឯតម្លៃវិញគឺធូរថ្លៃសមរម្យ ទៅតាមប្រភេទបង្អែម ដោយឡែកសម្រាប់ទឹកត្រចៀកកាំវិញគឺ ១ដបថ្លៃ ១៨ ដុល្លារ ។
រាល់ថ្ងៃនេះ អតិថិជន ដែលគាំទ្រផលិតផលទឹកត្រចៀកកាំពីហាងបង្អែម«ហាក់ហេង»គឺមានចម្រុះវ័យ មានទាំងចាស់ ទាំងយុវវ័យ ព្រោះគេយល់ថា វាជួយលើផ្នែកសុខភាព ពិសេសទិញយកទៅជូនជីដូន ជីតា ឪពុកម្តាយ ដែលគាត់ចេះតែអស់កម្លាំង ឬ មានជំងឺផ្សេងៗ ។ បច្ចុប្បន្ន នៅក្នុងហាងបង្អែម«ហាក់ហេង»មានបុគ្គលិកបម្រើការប្រមាណជាជិត ៣០ នាក់ ៕