ខ្លាចភាពក្រ គ្រួសារកសិករនៅតាកែវ យកដីក្រោយផ្ទះមកដាំក្រូចថ្លុង រកចំណូលជិតម៉ឺនដុល្លារក្នុងឆ្នាំៗ
ដោយសារការឧស្សាព្យាយាម បានធ្វើឱ្យកសិករមួយគ្រួសារ ក្រោយពីការធ្វើស្រែរួច ពួកគាត់បានចាប់យករបរដាំក្រូចថ្លុងមួយមុខទៀត ដើម្បីរកចំណូលជួយផ្គត់ផ្គង់គ្រួសារបន្ថែមទៀត ។ បន្ទាប់ពីបន្ធែមមុខរបរដាំក្រូចថ្លុងមកបានធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពល្អប្រសើរជាងមុន ដោយគ្រួសាររបស់គាត់អាចរកចំណូលបានពីការដាំក្រូចនេះ បានចន្លោះពី ២០ ទៅ ៣០ លានរៀលក្នុងមួយឆ្នាំៗ ។ ប៉ុន្តែការដាំក្រូចថ្លុងនេះ វាមិនមានការងាយស្រួល និង បានផលងាយៗឡើយ ការបានទទួលជោគជ័យលើការដាំដំណាំក្រូចថ្លុង ដែលអាចរកចំណូលបាន រាប់លានរៀលក្នុងមួយឆ្នាំៗនោះ វាទាមទារឱ្យគ្រួសារមួយនេះ មានការអត់ធ្មត់ និង ឧស្សាព្យាយាមយ៉ាងខ្លាំង ។
អ្នកមីង កឹម ស្រីមុំ ជាកសិករម្នាក់ រស់នៅក្នុងភូមិដីក្រហម ឃុំព្រៃរំដង ស្រុកគីរីវង់ ខេត្តតាកែវ បានរៀបរាប់ថា «គាត់មានដីប្រហែល ២ ហិកតាបានដាំក្រូចថ្លុងនេះ ដែលជាមុខរបរ តពីឪពុករបស់គាត់ តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ គ្រាន់តែពេលនោះ ឪពុករបស់គាត់ដាំបន្តិចបន្តួច ហើយពឹងផ្អែកតែលើធម្មជាតិ ។ ប៉ុន្តែពេលនេះ គាត់បានដាំតាមបច្ចេកទេសត្រឹមត្រូវ មិនប្រើជីគីមី និង មានប្រព័ន្ធទឹកស្រោចស្រពត្រឹមត្រូវ ទើបគាត់បានទទួលផលគួរជាទីគាប់ចិត្ត ដោយក្នុងមួយឆ្នាំ ៗគាត់គិតទ្រួសៗ អាចរកចំណូលពីការលក់ក្រូចថ្លុងនេះបានចន្លោះពី ២០ ទៅ ៣០ លានរៀល »។
អ្នកមីង កឹម ស្រីមុំ បានបន្តទៀតថា «នៅពេលដែលរដូវក្រូចថ្លុងផ្លែ គាត់អាចបេះលក់បានពី ៥០ម៉ឺនរៀលទៅ ១ លានរៀលក្នុង ១ថ្ងៃ ។ ក្រូចថ្លុងរបស់គាត់មិនព្រួយបារម្ភរឿងអត់ទីផ្សារឡើយ គឺមានម៉ូយមកទិញដល់ផ្ទះតែម្តង ដែលអ្នកទីញខ្លះយកទៅលក់នៅភ្នំពេញ ដើម្បីលក់បន្ត អ្នកខ្លះទៀត ទិញយកទៅលក់ នៅតាមរមណីយដ្ឋាន និង អ្នកខ្លះទិញយកទៅលក់ក្នុងក្នុងពិធីបុណ្យទានផ្សេងៗ ។ ក្រៅពីបេះផ្លែក្រូចថ្លុងលក់នោះ គ្រួសាររបស់គាត់បានបង្កាត់កូនក្រូចថ្លុងលក់ រាប់រយដើមក្នុងមួយឆ្នាំៗ ដែលកូនក្រូចថ្លុងរបស់គាត់ពួជសាច់ក្រហម ផ្អែម ល្អ ។ ដោយគាត់លក់កូនក្រូចថ្លុង ១ ដើម មានតម្លៃតែ ១ ដុល្លារប៉ណ្ណោះ ។ ហើយកូនក្រូចរបស់គាត់ ដែលបង្កាត់បានគឺលក់គ្មានសល់ឡើយគឺត្រូវបានគេទីញយកទៅដាំ ជាចម្ការធំៗរាប់រយ រាប់ពាន់ដើមក៏មាន និង ដាំជាលក្ខណៈគ្រួសារក៏មាន» ។
**បច្ចេកទេសក្នុងការដាំក្រូចថ្លុង
អ្នកមីង កឹម ស្រីមុំ បានបង្ហាញពីការដាំក្រូចថ្លុងថា ការដាំក្រូចថ្លុងនេះគឺ ដំបូងឡើយ ត្រូវភ្ជួរដីជាមុនសិន រួចជីករណ្តៅដាំជាជួរៗ ដោយទុកទ្រួងឃ្លាត់ពីជួរមួយទៅជួរមួយ ប្រវែង ៨ ម៉ែត្រឬទុកធំជាងនេះរិតតែល្អ ។ ហើយការជីករណ្តៅដាំក្រូចនេះទៀត គឺជីកឱ្យបានយ៉ាងតូចបំផុត ក៏ទំហំកន្លះម៉ែត្របួនជ្រុងដែរ ដោយឱ្យឃ្លាត់ពីរណ្តៅមួយទៅរណ្តៅមួយ យ៉ាងតិច ក៏៨ម៉ែត្រដែរ ។ បន្ទាប់មកយកលាមកគោដាក់នៅបាតរណ្តៅ ហើយលប់ដីដល់ពាក់កណ្តាលរណ្តៅ ទើបយកកូនក្រូចថ្លុង ដែលបានផ្សាំ ឬ បណ្តុះរួចនោះ មកដាក់ដាំ ដោយបោះបង្គោលចងកូនដើមក្រូចឱ្យជាប់ចៀសវាង ត្រូវខ្យល់បក់បោកបណ្តាលឱ្យដាច់ ឬ ដួលរលំ បន្ទាប់មកស្រោចទឹកជាការស្រេច ។ ឯការថែទាំវិញ ក៏មិនលំបាកអ្វីខ្លាំងដែរ បន្ទាប់ពីដាំហើយ ត្រូវស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង ពេលវាធំហើយ យើងលែងសូវលំបាកស្រោចទឹកទៀតហើយ ប៉ុន្តែនៅពេលវាចាប់ផ្តើមផ្កា និង បើមេឃរាំងស្ងួត ទាមទារឱ្យយើងថែទាំ និង ស្រោចទឹក ឱ្យបានដិតដល់ ទើបផ្លែបានច្រើនល្អ និង កំពឹសវាមិនស្កក ។
អ្នកមីង កឹម ស្រីមុំ បានបន្តទៀតថា នៅក្នុងភូមិរបស់គាត់មានតែគាត់ និង ប្អូនៗគាត់ពីរ បីគ្រួសារប៉ុណ្ណោះ ដែលដាំ ក្រូចថ្លុងនេះច្រើនជាងគេ ហើយបើបងប្អូន ចង់ទិញ ផ្លែក្រូច ថ្លុង យកទៅពិសារ ឬ យកទៅលក់បន្ត ឬ ក៏ចង់ទិញ កូនក្រូច ដែលផ្លែវាសាច់ក្រហម ផ្អែមល្អអាចទាក់ទងទៅគ្រួសារគាត់តាមរយៈលេខទូរសព្វ ៖ ០១៧ ៨៧ ៦៥ ៥១ /០៣១ ៣៣ ១៩ ៦៩៦ ៕